ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារជីបម៉ុង ណូរ៉ូម៉ល


នៅថ្ងៃ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋ  មន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល។

នៅក្នុង​ឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាយុទ្ធនាការ ធ្វើទំនើបកម្មសេវាសាធារណៈ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកប្រជាពលរដ្ឋ សំដៅឱ្យការផ្ដល់ និងទទួលសេវាសាធារណៈកាន់តែងាយស្រួល រហ័សទាន់ចិត្ត ស្របតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាពផងដែរ។ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះនេះ ម្ចាស់យានជំនិះអាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះ បង់ថ្លៃសេវា និងពន្ធប្រថាប់ត្រានៅកន្លែង និងពេលតែមួយតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្ដល់សេវារបស់ក្រសួង ដោយហេតុថា ក្រសួងបានសហការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះជាមួយនឹងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ។

ជាមួយគ្នានេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងបានកែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈដោយបង្ខិតសេវានេះទៅកៀកប្រជាពលរដ្ឋ តាមរយៈការបង្កើតមណ្ឌលផ្ដល់សេវានៅតាមផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ ជីបម៉ុង ណូរ៉ូម៉ល ឆៀកចល័ត វិសោធនកម្មច្បាប់ចរាចរណ៍ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោកនិងប្រព័ន្ធស្វ័យប្រវត្តិកម្មគយនិងរដ្ឋាករ តភ្ជាប់ជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត ការរៀបចំកម្មវិធីប្រឡងយកប័ណ្ណបើកបរដល់ទីកន្លែង សម្រាប់អ្នកបើកបររថយន្តដឹកកម្មករតាមរោងចក្រ និងដឹកទំនិញតាមកំពង់ផែ និងកម្មវិធីព័ត៌មានវិទ្យាលើទូរស័ព្ទដៃជាច្រើនទៀត។

ទន្ទឹមនឹងនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យម្ចាស់យានជំនិះទាំងអស់ដែលមិនទាន់បានផ្ទេរកម្មសិទ្ធិរួសរាន់ផ្ទេរកម្មសិទ្ធិ ដើម្បីកាន់កាប់យានជំនិះរបស់ខ្លួន ស្របច្បាប់ និងគេចផុតពីកាតព្វកិច្ចនានាចំពោះមុខច្បាប់ និងបានជូនដំណឹងថា ចាប់ពីថ្ងៃនេះតទៅបងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរនិងពន្យារប័ណ្ណបើកបរជាតិ និងប័ណ្ណបើកបរអន្តរជាតិ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល (ជាន់ទី៣) នេះបាន ព្រមទាំង​បាន​ផ្ដាំផ្ញើ និងជំរុញលើកទឹកចិត្តមន្ត្រីផ្ដល់សេវា ឱ្យខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងត្រូវចង់ចាំថា មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ៕