រដ្ឋបាលខេត្តក្រចេះ ប្រគល់បណ្ណកម្មសិទ្ធិកាន់កាប់ដីជូនពលរដ្ឋ ចំនួន៦៩១ក្បាលដី នៅស្រុកចិត្តបុរី


រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១ខែតុលា ឆ្នាំ២០២០នេះ ប្រគល់បណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនជូនប្រជាជននៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន ៦៩១ក្បាលដី ក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្ត។

ឯកឧត្តម វ៉ា ថន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ និងស្រឡាញ់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ដីធ្លី ដោយក្នុងនោះរាជរដ្ឋាភិបាលបានធ្វើយុទ្ធនាការចុះវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទូទាំងប្រទេសពាក់ព័ន្ធនឹងដីដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ហើយពុំទាន់មានមូលដ្ឋានច្បាស់លាស់។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បណ្ណកម្មសិទ្ធិដីធ្លីពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី គឺធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ជាឯកសារ និងជាភស្តុតាងរឹងមាំ ចំពោះមុខច្បាប់ក្នុងករណីមានទំនាស់ដីធ្លីកើតឡើង។ សន្លឹកបណ្ណនេះ ក៏អាចដាក់ធានានៅធនាគារ ដើម្បីយកថវិកាមកពង្រីកមុខរបរធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង និងនាំឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារផងដែរ៕