ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរី ចំនួន៦៩១ប័ណ្ណ


ព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋចំនួន១ភូមិ ស្មើនឹង៦៩១ប័ណ្ណ ក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍លើកឡើងថា៖ ចំពោះវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់នាពេលនេះ គឺជាវត្ថុដ៏មានតម្លៃបំផុត និងជាឯកសារភស្តុតាងរឹងមាំចំពោះមុខច្បាប់ អាចនិយាយបានថា ជាអាយុជីវិត ជាមាស ជាប្រាក់ ដែលយើងអាចយកទៅប្រើប្រាស់បាន ដើម្បីទាញយកប្រយោជន៍បានច្រើន ហើយការផ្តល់ប័ណ្ណនេះ ក៏ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន បន្ទាប់ពីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីមន្ត្រីរដ្ឋបាលសុរិយោដី ត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសារៈសំខាន់ ជាការបញ្ចាប់ទំនាស់ និងបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពដីធ្លីរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ព្រមទាំងយកទៅប្រើប្រាស់ឲ្យចំគោលដៅផងដែរ ក្នុងការជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានជម្រុញដល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីការចេញប័ណ្ណបានលឿន និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការ ប្រុងប្រយ័ត្នខ្ពស់រក្សាការពារជំងឺកូវីដ-១៩ កុំឱ្យឆ្លងជំងឺកាចសាហាវនេះចូលទៅក្នុងសហគមន៍ ដោយអនុវត្តន៍តាម វិធានការរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ៕
On the Morning of Thursday, 01 October 2020, H.E Va Than, Kratie Provincial Governor, presided over the handover ceremony of 691 land titles to the residents in kor lob commune, Chet Borei district, Kratie province.
Talking to the ceremony, H.E. Governor said that the land titles to be handed over at this time are the most value document and evidence. The issuance of these land titles are also a contribution to poverty reduction in accordance with the rectangular strategy of the Royal Government, led by Samdech Techo Hun Sen, Prime Minister of Cambodia.