ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ បើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផលរយៈពេល១៣០ថ្ងៃ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តស្វាយរៀង


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីពិនិត្យមើលលទ្ធផលរយៈពេល១៣០ថ្ងៃ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានទទួលបន្ទុកតំបន់ទី១ ព្រមទាំងក្រុមការងារទទួលបន្ទុកនៅសាលាដំបូងខេត្តស្វាយរៀង ចៅក្រមនៃសាលាដំបូងខេត្តស្វាយរៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង លោកប្រធានលេខាធិការដ្ឋានខេត្តស្វាយរៀង ព្រមទាំងក្រឡាបញ្ជី និងមន្ត្រីរបស់សាលាដំបូងខេត្តស្វាយរៀង ៕