ក្រុមសមាជិកាព្រឹទ្ធសភា ជួបសំណេះសំណាល ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ


ក្នុងការបំពេញតួនាទីគាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ សិទ្ធិស្រ្តី និងកុមារ ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់បញ្ហាពាក់ព័ន្ធនឹងវឌ្ឍនភាពការងារ ស្ថានភាពសេដ្ឋកិច្ច សុខភាពសាធារណៈក្នុងបរិបទប្រទេសកំពុងជួបវិបត្តិកូវីដ១៩ និងចូលរួមផ្សព្វផ្សាយប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្តជាស្រ្តី ប្រធានសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារខេត្តបន្ទាយមានជ័យ សរុបចំនួន១៣២នាក់ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានការឡើងមានមតិស្វាគមន៍ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មតិសំណេះសំណាលដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ការលើកមតិយោបល់ សំណួរ និងសំណូមពររបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ពីការងារពាក់ព័ន្ធមូលដ្ឋានផ្ទាល់ ក្នុងស្ថានភាពដែលជួបវិបត្តិជំងឺកូវីដ១៩។