ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដឹកនាំកិច្ចប្រជុំសមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន


ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ សមាជិកគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន អំពីការអនុវត្តបញ្ជីការងារបន្ទាន់លើវិស័យសំខាន់ៗមួយចំនួន។

កិច្ចប្រជុំនេះ ប្រព្រឹត្តធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួនផងដែរ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សា និងលើកឡើងពីវិស័យសំខាន់ដូចខាងក្រោម៖

* ការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានសម្រេចខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងស្រុងរួចរាល់អស់ហើយ នៅតែពេលចុះហត្ថលេខាក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំកំពូលចិន។

* ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៧១សេ ផ្លូវ៣១ ផ្លូវ៣៣ និងផ្លូវ៤១

* ជាពិសេសការនាំកសិផលកម្ពុជាច្រើនមុខទៅចិនឱ្យបានច្រើនក្នុងពេលឆាប់ៗ ជាពិសេសអង្ករឱ្យបានគ្រប់ចំនួន ៤០ម៉ឺនតោន និងកសិផលជាច្រើនផ្សេងទៀតមានដូចជា៖ ចេក ស្វាយ ម្សៅដំឡូងមី ទុរេន គ្រាប់ស្វាយចន្ទី កៅស៊ូ ស្ករស មៀនប៉ៃលិន ម្រេច ដូង ផ្លែស្រកានាគ និងទឹកមាត់ត្រចៀកកាំ។ល។

* ការអភិវឌ្ឍទំនើបកម្មកសិកម្មកម្ពុជា

* អំពីការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុឱ្យបានឆាប់

* អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ ជាពិសេសបញ្ហាសន្ដិសុខ បញ្ហាបណ្ដុះបណ្ដាលធនធានមនុស្ស បញ្ហាសហប្រតិបត្តិការរដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ហាទាក់ទងផ្ទាល់រវាងស្ថាប័នផ្សេងៗទៀត។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនង រវាងកម្ពុជា ជាមួយចិន ជាទំនាក់ទំនងពិសេសលើគ្រប់ជ្រុងជ្រោយទាំងអស់៕