រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាស្ដីពីសមាហរណកម្មរដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ និងការិយាល័យជំនាញ


កំពង់ឆ្នាំង ៖នៅថ្ងៃ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) ថ្នាក់ក្រុង ស្រុកទូទាំងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ពីមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទូទាំងខេត្ត និងមន្រ្តីការិយាល័ យជំនាញជុំវិញខេត្តផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្ម កម្មវិធីបីឆ្នាំរំកិល នៃរដ្ឋបាលក្រុង ស្រុកនាពេលនេះ ដើម្បីធ្វើយ៉ាងណា ធានានូវគោលការណ៍ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានានូវអត្ថប្រយោជន៍នានារបស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តស័ក្តិ ថ្នាក់ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ធានានូវនិរន្តរភាពការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការផ្តល់សេវានានា ទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្មឱ្យមន្ត្រីជំនាញនៃវិស័យនីមួយៗ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងការិយាល័យ ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

ឯកឧត្តមបានបន្តទៀតថា ការដាក់បង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជននានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់ៗមាន ទី១-ផ្សព្វផ្សាយជាសាធារណៈ អំពីដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក និងឃុំ-សង្កាត់ សម្រាប់ឆ្នាំ២០២១-២០២៣។ ទី២-ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានា ដើម្បីមានមូលនិធិគ្រប់គ្រាន់ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន លើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។ ទី៣-ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់។

ឯកឧត្តមបានសំណូមពរ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសម្របសម្រួល សហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តន៍ការងារតាមភារកិច្ច ដែលបានកំណត់ពាក់ព័ន្ធ នឹងដំណើរការធ្វើសមាហរណកម្មបុគ្គលិក ទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យ សម្រេចឱ្យបាននាដើមឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ត្រូវខិតខំបម្រើប្រជាពល រដ្ឋឱ្យបានល្អទ្វេដង ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋមានសេដ្ឋកិច្ចរីកចម្រើនកាន់តែប្រសើរឡើង