សម្ដេចតេជោ ហ៊ុន សែន អរគុណដល់វិស័យឯកជន ដែលចូលរួមរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩


ថ្លែងពីចេញទឹកដីខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់វិស័យឯកជនទាំងអស់ ដែលនៅតែបន្ដប្រក្រតីភាព ក្នុងការចូលរួមរក្សាស្ថានភាពស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។

ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់ពីពេលនេះទៅមុខ វិស័យឯកជន នឹងបន្តកាន់ដៃជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កម្ពុជា ឲ្យទៅមុខថែមទៀត។ ជាពិសេសក្រោយវិបត្តិ នៃជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណ ចំពោះវិស័យឯកជន ដែលបានរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ធ្វើឲ្យមានដំណើរការនិរន្ដរភាព នៃសង្គមជាតិរបស់យើង»

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើពេលនេះ ក្រុមហ៊ុនឯកជនទាំងអស់នាំគ្នាបិទទ្វារ នឹងនាំឲ្យពលរដ្ឋកម្ពុជា ជួបវិបត្តិបាត់បង់ការងារធ្វើ។
សម្តេចថ្លែងថា ការបន្តដំណើរការរបស់ក្រុមហ៊ុនឯកជននានា បានជួយដោះស្រាយវិបត្តិអត់ការងារ និងប្រាក់ឈ្នួលរបស់ពលរដ្ឋកម្ពុជា។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ការមិនបិទក្រុមហ៊ុន គឺជាការរក្សាការងារ ឲ្យពលរដ្ឋកម្ពុជាធ្វើ និងបន្ដបង្កើតផលិតកម្ម ដែលកម្ពុជាមាន សម្រាប់ការបំពេញតម្រូវការក្នុងស្រុក និងជំរុញការនាំចេញ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាស ពីការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល០៣ខែបន្ថែមទៀត គឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ ផងដែរ។

សូមជម្រាបថា បើទោះជាជួបបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្ដី កម្ពុជា នៅតែមានក្រុមហ៊ុន មកធ្វើការវិនិយោគជាបន្ដបន្ទាប់ ជាក់ស្ដែង នៅក្នុងខែកញ្ញា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន១០ ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការវិនិយោគ ដែលសរុបទុនវិនិយោគ សរុបជិត៣៥លានដុល្លារអាមេរិក៕