រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ស្រុកបរិបូណ៌


កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកបរិបូណ៌ មានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) ស្រុកបរិបូណ៌ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានអញ្ជើញចូលរួមពី នាយករងរដ្ឋបាលសាលាខេត្តប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យជុំវិញស្រុក មេឃុំទូទាំងស្រុក និងអង្គការដៃគូរអភិវឌ្ឍន៍។
មានសំណេះសំណាលក្នងឪកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះ ជាឱកាសដ៏សំខាន់ដែលយើងធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចដំណើរការអនុវត្ដគម្រោងនៅមូលដ្ឋានឆ្លើយតបតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។ ឯកឧត្តម បានបន្ដទៀតថា លទ្ធផលនៃការឆ្លើយតបតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាននេះ ដោយមានការផ្ដល់ការគាំទ្រពីសំណាក់ស្ថាប័នរបស់រដ្ឋ និងដៃគូ អភិវឌ្ឍន៍ កំពុងផ្ដល់ការគាំទ្រ ដល់ការអនុវត្ដគោល នយោបាយវិមជ្ឈការ វិសហមជ្ឈការ ស្របតាមច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការខិតខំប្រឹង ប្រែងរបស់យើងនេះ ធ្វើឱ្យមានអភិបាលកិច្ចល្អ ដែលជាអាទិភាពស្នូលក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលបានលើកឡើងក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ជាគោលដៅធ្វើឱ្យមានអភិបាល កិច្ចល្អមាននៅគ្រប់ថ្នាក់រដ្ឋបាល គ្រប់វិស័យការងារ និងពង្រឹងពង្រីកកិច្ចសហការរវាងវិស័យរដ្ឋបាលសាធារណៈ និងសង្គមស៊ីវិល ដោយឈរលើ គោលការណ៍អភិបាលកិច្ចល្អ និងនិតិរដ្ឋ។
បន្ថែមពីនោះ ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ កន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ដគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ដោយបានខិតខំប្រឹងប្រែង សហការគ្នាយ៉ាងយកចិត្ដទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ដ ធានាបាននូវសន្ដិសុខនយោបាយសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រេចបានការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សំគាល់ ជីវភាពប្រជាជនកាន់តែប្រសើរឡើង។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង ក៏ផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ឱ្យកិច្ចដំណើរការសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ដូចខាងក្រោម ៖
១-មន្ទីរជំនាញ អង្គការនានា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងសិក្ខាសាលា សមាហរណកម្មផែនការសង្កាត់ ថ្នាក់ស្រុកឆ្នាំ២០១៩កន្លងទៅ សូមធ្វើការពិនិត្យលើគម្រោងណាមិនទាន់បានអនុវត្ដ គម្រោងណាបានអនុវត្ដរួច បង្កើនការសហការផ្ដល់ព័ត៌មានពីការអនុវត្ដដល់សង្កាត់។
២-មន្ទីរជំនាញដែលជាស្ថាប័នរបស់រដ្ឋឈានមុខក្នុងការផ្ដល់សេវារបស់ខ្លួនស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ។
៣-សំណូមពរដល់អង្គការជាតិ អន្ដរជាតិ សមាគមទាំងអស់ ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យលើសកម្ម
ភាពជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រគម្រោងវិនិយោគរបស់ឃុំ នៅតាមទីតាំងគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
៤-សូមយកវេទិកានេះធ្វើការពិភាក្សាគ្នាទៅវិញទៅមករវាងសង្កាត់ និងមន្ទីរជំនាញ អង្គការជាតិ អន្ដរជាតិ ឱ្យបានច្បាស់លាស់ ឃុំត្រូវបង្ហាញថាហេតុអ្វីបានជាគម្រោងដែលបានលើកឡើងនេះមានអាទិភាព? ដើម្បី ធ្វើការចរចាររកអ្នកគាំទ្រ ហើយឈានដល់ការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន សម្រាប់អនុវត្ដគម្រោងឆ្នាំ ២០២១។ មន្ទីរជំនាញអង្គការ ត្រូវបង្ហាញហេតុផលដល់ឃុំហេតុអ្វីបានជាគម្រោងសកម្មភាពអាទិភាព ដែលលើកឡើង ដោយស្រុក ឃុំ មិនមានការគាំទ្រ?
ឆ្លៀតក្នុងឪកាសនោះ ឯកត្តម ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវបន្តចួលរួមនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធានការការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕