ប្រកាសចូលកាន់មុខដំណែងអភិបាលស្រុកកោះញែកថ្មី ខេត្តមណ្ឌលគិរី, លោក ឌឹម នី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ


ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញចូលរួមប្រកាសតែងតាំងអភិបាលស្រុកកោះញែកថ្មីគឺលោក ឌឹម នី ជំនួសលោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវបានផ្ទេរទៅបម្រើការងារថ្មីនៅក្រសួងមហាផ្ទៃ។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកកោះញែក នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៥ ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានឱ្យដឹងថា ការប្រកាសអភិបាលស្រុកថ្មី ជំនួសអភិបាលស្រុកចាស់ គឺដើម្បីបំពេញរចនាសម្ព័ន្ធក្នុងជួរគណៈអភិបាលស្រុកថ្មី ដោយអនុវត្តទៅតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរអភិបាលស្រុកថ្មី ត្រូវចូលរួមសហការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀ ពិសេសជំរុញលើកទឹកចិត្តដល់មន្រ្តីមន្រ្តីរាជការ ក្នុងការអនុវត្តការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងណែនាំដល់មន្រ្តីរាជការទាំងអស់ អនុវត្តការងារដោយគោរពទៅតាមតួនាទី ភារកិច្ច និងឋានានុក្រមការងារ សំដៅរួមគ្នាកសាង និងអភិវឌ្ឍន៍ស្រុកកោះញែក ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមបានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្រ្តីរាជការស្រុកកោះញែក ឲ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តមថា «អភិបាលស្រុកថ្មី ត្រូវចូលរួមសហការជាមួយគ្រប់ស្ថាប័ន ក្នុងការពង្រីក និងពង្រឹងនូវការទំនាក់ទំងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការឲ្យបានល្អ»

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសមត្ថកិច្ចទាំងអស់ ត្រូវចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ និងត្រូវសហការគ្នាខិតខំយកចិត្តទុកដាក់ ដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានលក្ខណៈសមរម្យ។ ជាងនេះទៅទៀតត្រូវអប់រំ ណែនាំផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យពួកគាត់ចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលសំដៅធ្វើយ៉ាងណាកុំមើលស្រាលជំងឺកូវីដ១៩ និងនាំគ្នាការពារទប់ស្កាត់កុំឲ្យឆ្លងជំងឺនេះ។

កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញអនុក្រឹត្យតាំងតាំងលោក ឌឹម នី ជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ជំនួសលោក ស៉ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច។

សូមរំលឹកថា ការដកតំណែងលោក ស៉ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណី ការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃ ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផល ប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ៕