ជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្តមKoichiro Kakee ជំនួយការអនុរដ្ឋមន្ត្រីកិច្ចការអន្តរជាតិ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន


នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូជប៉ុន ដែលដឹកនាំដោយឯកឧត្ត Koichiro Kakee ជំនួយការអនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានសម្តែងអំណរគុណ និងការកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន។
គម្រោងទាំងឡាយរួមមានការធ្វើឱ្យប្រសើរដល់ការចុះបញ្ជីយានយន្ត និងប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអភិវឌ្ឍស្ពានថ្នល់ និងប្រព័ន្ធចម្រោះទឹកស្អុយ ការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការស្ថានីយ៍ផែកុងតឺន័រនិងការគ្រប់គ្រង ការអភិវឌ្ឍផ្លូវល្បឿនលឿន (រាជធានីភ្នំពេញ – បាវិត) កម្មវិធីនៃប្រព័ន្ធEDIនៅកំពង់ផែ គម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ការបង្កើតផែនការមេភស្តុភារកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្របន្ថែមទៀតដើម្បីពង្រឹងសន្ដិសុខនៃប្រព័ន្ធស្វ័យប្រវត្តិកម្មអនឡាញ និងជួយបណ្តុះបណ្តាលបុគ្គលិកស្តីអំពីប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីៗទាំងនេះ។