រសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក ADACHI ITSU ប្រធានអង្គការ JICA ប្រចាំកម្ពុជា ដែលផុតអាណត្តិ ចូលជួបជម្រាបលា និងលោក SUGANO YUICHI ដែលជាប្រធានអង្គការ JICA ថ្មីប្រចាំកម្ពុជា ជួបសម្តែងការគួរសម ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោក ADACHI ITSU ដែលក្នុងបេសកកម្មរបស់លោក បានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹក និងឧតុនិយម ទន្ទឹមនេះ ក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក SUGANO YUICHI ដែលនឹងត្រូវបន្តបេសកកម្មបន្ទាប់ពីលោក ADACHI ITSU ។
លោក ADACHI ITSU បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលក្នុងពេលកន្លងមក បានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អ ជំរុញឱ្យបេសកកម្មរបស់លោកទទួលបានជោគជ័យ ហើយសង្ឃឹមថាឯកឧត្តម និងសហការី នៅតែបន្តកិច្ចសហប្រតិបត្តិការនេះជាមួយអង្គការ JICA បន្តទៀត ។ លោក ADACHI ITSU បន្ថែមថា ដោយឡែក ចំពោះអ្នកជំនាញការរបស់អង្គការ JICA ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានអង្គការ JICA ប្រចាំទីក្រុងតូក្យូ ជ្រើសរើសរួចរាល់ហើយ អ្នកជំនាញការថ្មីនេះ នឹងត្រូវបញ្ជូនមកប្រចាំការនៅក្រសួងធនធានទឹក និងឧតុនិយម នៅអំឡុងដើមខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ៕
ឯកឧត្តម លឹម គានហោ អនុញ្ញាតឱ្យប្រធានអង្គការ JICA ប្រចាំកម្ពុជា ដែលផុតអាណត្តិ និងប្រធានអង្គការ JICA ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
