ពិធីសម្ពោធដាក់ឲ្យដំណើរការនូវអាគារថ្មី របស់ធនាគារជាតិកម្ពុជា សាខាខេត្តតាកែវ


តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវអាគារថ្មី របស់ ធនាគារជាតិកម្ពុជា ខេត្តតាកែវ។
ពិធីសម្ពោធដាក់ឲ្យដំណើរការនេះដែរ ក៏មានការនិមន្តពី សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះ មេគណ រាជធានី ភ្នំពេញ ព្រះ វិន័យ សំ វរៈ កែវ សាវ៉ន ព្រះ រាជាគណៈ ថ្នាក់ ចត្វា ជា ព្រះ មង្គល ទិព្វ លោក រង្សី ព្រះ មេគណ ខេត្ត តាកែវ ព្រះមហាវីរវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល នៃធនាគារជាតិកម្ពុជា បានថ្លែងថា ដោយសារសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំ សកម្មភាពសេដ្ឋកិច្ចបានរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ ជាក់ស្តែង នៅថ្ងៃនេះ អគារធនាគារជាតិនៃកម្ពុជា សាខាខេត្តតាកែវ ត្រូវបានកសាងឡើងថ្មីនិងដាក់ឱ្យដំណើរការ ជំនួសឱ្យអគារចាស់ទ្រុឌទ្រោមសល់ពីសម័យបារាំងមក។ សមិទ្ធផលថ្មីនេះនឹងចូលរួមកាន់តែសកម្មថែមទៀត គាំទ្រការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកសោភ័ណភាពខេត្ត។ អគារសាខាថ្មីនេះ នឹងបម្រើជាឃ្លាំងដ៏រឹងមាំសម្រាប់រក្សាទ្រព្យសម្បត្តិរដ្ឋ គ្រប់គ្រងនិងសម្រួលចរាចរណ៍សាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ឯកឧត្តមទេសាភិបាល ក៏បាន ផ្តាំ ផ្ញើឱ្យ មន្ត្រី បុគ្គលិក សាខា ធនាគារ ជាតិ នៃ កម្ពុជា ខេត្តតាកែវ ទាំងអស់ ត្រូវ បន្ត អនុវត្ត មុខងារ – ភារកិច្ច របស់ខ្លួន ប្រកបដោយ ស្មារតី ទទួលខុសត្រូវខ្ពស់មានភាពស្មោះត្រង់រក្សា ការសម្ងាត់វិជ្ជាជីវៈខិតខំ អភិវឌ្ឍ ខ្លួនឯង និង បន្ត ស្មារតីសាមគ្គី និងសហការគ្នាល្អជាប្រពៃណី ព្រមទាំង ខិតខំ យកចិត្តទុកដាក់ បម្រើសេវា ជូន ឱ្យ មន្ទីរ – អង្គភាព រដ្ឋ ធនាគារ ពាណិជ្ជ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព ៕