ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន និងជាប្រធានប្រតិបត្តិ នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព អញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមនិង ឯកឧត្តមឌៀង សារ៉ាន់ ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន និងជាអនុប្រធានទី១ សយសស ឯកឧត្តម គង់ ចំរុង អនុប្រធាន សយសស លោក ណៃ ស៊ីថាត សមាជិកស្ថាបនិក សយសស លោកស្រី ថោ សុធា សមាជិកក្រុមលេខាសម្តេចតេជោ និងជាប្រធានប្រតិបត្តិខេត្តពោធិ៍សាត់ អញ្ជើញចុះដល់មូលដ្ឋានខេត្តពោធិ៍សាត់ ដែលកំពុងរងគ្រោះដោយទឹកជំនន់ និងចុះពិនិត្យសកម្មភាព កម្លាំងស្រួចរបស់ យុវជនស្រលាញ់សន្តិភាពដែលកំពុងចូលរួមសង្គ្រោះប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋានពីទឹកជំនន់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន បានផ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ទុក្ខលំបាករបស់បងប្អូននៅពេលនេះក៏ដូចជាទុក្ខលំបាករបស់សម្ដេចទាំងទ្វេផងដែរ ។
សម្ដេចទាំងទ្វេក៏បានផ្ដាំផ្ញើដល់បងប្អូនធ្វើយ៉ាងណា រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវជម្លៀសរកទីទួលសុវត្ថិភាព ។
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព សមាជិក សមាជិកា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅផ្តល់ជូនប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះផងដែរ ។