សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនលោក កឹម សុខា ដែលបានបរិច្ចាគថវិកា៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោក កឹម សុខា និងភរិយា ដែលបានចូលរួមបរិច្ចាគនូវថវិកាចំនួន៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន រៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅដោយសារគុណធម៌ដ៏ថ្លៃថ្លា របស់ជនរួមជាតិយើងដែលជានិច្ចកាលតែងតែបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន»។

«ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះជំនួយជាថវិកាចំនួន៥០០០ដុល្លារ ដែលឯកឧត្តម និងលោកជំទាវ បានផ្តល់ជាកិច្ចជួយសម្រាល់ដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់ ដែលកើតចេញពីគ្រោះធម្មជាតិក្នុងពេលបច្ចុប្បន្ន»។

សូមជំរាបថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានចូលរួមបរិច្ចាគថិវិកា ចំនួន៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

នាពេលកន្លងទៅលោក កឹម សុខា ក៏បានចូលរួមជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល ដើម្បីជាចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងនៅកម្ពុជា ដូចជាជួយឧបត្ថម្ភ៥០០០ដុល្លារដល់កម្មវិធីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារបាក់រលំអគារនៅខេត្តកែបផងដែរ៕