អភិបាលរាជធានីភ្នំពេញ អះអាងថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥,០០០គ្រួសារ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច


(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានអះអាងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥,០០០គ្រួសារហើយ ត្រូវបានជម្លៀសមកទីទួលសុវត្ថិភាព ជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅកន្លែងជួយសង្គ្រោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ផែនការទី១ នៃការសង្គ្រោះប្រជាពលរដ្ឋកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់។ ពលរដ្ឋដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាន នៅខណ្ឌកំបូល ពោធិ៍សែនជ័យ និងខណ្ឌដង្កោ ដែលរងគ្រោះច្រើនជាងគេ។

បើតាមឯកឧត្តម ឃួង ស្រេង ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន មាន៥ទីតាំង ក្នុងនោះរួមមាន ទីតាំងសាក់សំពៅ គងនយ រលួស នៅក្នុងបុរីពិភពថ្មីគួរស្រូវ២ និងទីតាំងមុខផ្សារព្រែកជ្រៃ។ លោកសង្កត់ធ្ងន់ថា មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋ មកលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលសុខត្រូវ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហរដល់កម្លាំងគ្រប់ប្រភេទថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញយើងខ្ញុំនេះ រៀបចំផ្គត់ផ្គង់ស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទឹក មិនឲ្យបងប្អូនខ្វះបរិភោគនោះទេ។ យើងក៏បានរៀបចំបាយទឹកជូនដល់កងកម្លាំងអ្នកជួយសង្គ្រោះ និងជួយអ្នកដែលជាជនរងគ្រោះ មិនឲ្យមានការខ្វះខាតទេ រាប់ទាំងអ្នកសារព័ត៌មានផងដែរ»

ក្នុងករណីទឹកជំនន់មិនទាន់ស្រកចុះ ឬក៏កាន់តែកើនឡើង អភិបាលរាជធានីភ្នំពេញ បានអះអាងថា កងកម្លាំងគ្រប់ប្រភេទត្រៀមអន្ដរាគមន៍ជួយដល់ប្រជាពលរដ្ឋ មិនបោះបង់ចោលប្រជាពលរដ្ឋម្នាក់ណាឡើយ ហើយនេះជាការប្ដេជ្ញាចិត្ត និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

គួរជម្រាបថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្ដប្រកាសលេខទូរស័ព្ទចំនួន១០ខ្សែ ដើម្បីប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់ ពាក់ព័ន្ធករណីទឹកជំនន់ នៅខណ្ឌដង្កោ។

លេខទូរស័ព្ទត្រូវបានបែកចែកជាពីរក្រុម ដោយមួយក្រុមសម្រាប់មូលដ្ឋានសង្កាត់ស្ពានថ្ម ដែលមានឯកឧត្តម ឃួង ស្រេង ជាប្រធានផ្ទាល់តែម្ដង រួមមាន៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406។ ដោយឡែកសម្រាប់ក្រុមការងារ ដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស រួមមាន៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697។

គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព៕