សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាង៣ពាន់គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ


(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ៣,៣៨៤គ្រួសារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។
ការអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសម្រាលការលំបាក របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រព្រឹត្ដទៅនៅវត្ដ រតនតេជៈ ហៅវត្ដកំពង់ក្ដុល ស្ថិតនៅភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។
ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។
អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៊ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។
ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចំនួន១០០លានរៀល។
សូមជម្រាបថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឱ្យមនុស្ស២០នាក់ហើយបានស្លាប់ និងប៉ះពាល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់។
ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសព ដែលលង់ទឹកស្លាប់ទាំង២០នាក់ខាងលើនេះ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន១០លានរៀល។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។
ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕