អភិបាលខេត្តតាកែវ អញ្ជើញចូលរួមចុះពិនិត្យស្ថានភាពទឹកនៅស្ពានទឹកកំពង់ចក ស្រុកព្រៃកប្បាស


តាកែវ៖ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ​ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅភូមិសាស្រ្តនៅទំនប់ទឹកក្បាលសែន ស្ថិតនៅឃុំពត់ស ស្រុកបាទី និងស្ថានភាពទឹក នៅស្ពានកំពង់ចក ស្ថិតនៅឃុំព្រៃល្វា ស្រុកព្រៃកប្បាស អមដំណើរដោយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមន្រ្តីមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ឆ្លៀតនៅក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនៅភូមិសាស្រ្តខេត្តតាកែវ ឯកឧត្តម​ កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី ក៏បានធ្វើការណែនាំ ឱ្យអាជ្ញាធរ ខេត្ត ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕