អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយកស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៥ បានចូលរួមអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានដឹកនាំយកស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាកន្លែងទទួលរងទឹកជំនន់ខ្លាំង ។
បន្ទាប់មកទៀតឯកឧត្តម ក៏បន្តដំណើរមកចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយកំណើនទឹកភ្លៀងដែលបន្តធ្លាក់ក្នុងខេត្តបន្ទាយមានជ័យ និងហូរធ្លាក់មកពីប្រទេសថៃផងនោះ ដោយបានធ្វើឱ្យមានការជន់លិចនៅក្នុងស្រុកថ្មពួក ហើយក៏បានហូរចូលទៅប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារតែម្តង។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី សូមគោរពដឹងគុណជានិច្ច ចំពោះទឹកចិត្តសប្បុរសរបស់សម្តេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណី អាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។