ឯកឧត្តម គុយ សុផល ចែកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដល់ប្រជារាស្រ្ត រងគ្រោះទឹកជំនន់នៅក្រុងច្បារមន និងស្រុកសំរោងទង


(កំពង់ស្ពឺ)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានចុះចែកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងសរុប ៤៧៦គ្រួសារ រស់នៅក្នុងភូមិចំនួន៩ ក្នុងនោះសង្កាត់កណ្តាលដុំ ក្រុងច្បារមន មានចំនួន៤ភូមិ មានចំនួន ៣២៤គ្រួសារ ឃុំតាំងក្រូច ស្រុកសំរោងទង មានចំនួន២ភូមិ មានចំនួន ១១៧គ្រួសារ និងឃុំកាហែង ស្រុកសំរោងទង មានចំនួន៣ភូមិ មានចំនួន ៣៥គ្រួសារ នៃខេត្តកំពង់ស្ពឺ ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានការចូលរួមដោយឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងលោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។

ឯកឧត្តម គុយ សុផល បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឫទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឫទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរស់នៅមូលដ្ឋានក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងជួបប្រទះនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ។

ហេតុនេះហើយទើបព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានឯកឧត្តម គួយ សុផល នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនពលរដ្ឋទាំង៤៧៦គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានចែកជូនដល់ប្រជារាស្ត្រទទួលរងគ្រោះដោយទឹកជំនន់មានចំនួនសរុបជាមេគ្រួសារចំនួន៤៧៦នាក់ រស់នៅក្នុង៩ភូមិ ក្នុងនោះ៤ភូមិស្ថិតនៅសង្កាត់កណ្តាលដុំ នៃក្រុងច្បារមន ២ភូមិ ស្ថិតនៅឃុំតាំងក្រូច និង៣ភូមិ ស្ថិតនៅឃុំកាហែង នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១ ភួយ១ ក្រមា១ សារុង១), មីចំនួន១កេស ស្មើ៣០កញ្ចប់ ត្រីខចំនួន ១០កំប៉ុង កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ៤០ម៉ឺនរៀល។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ប្រជារាស្រ្តរស់នៅក្នុងមូលដ្ឋានខាងលើនៃក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅពេលនេះ គឺជាព្រះរាជហឫទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ពិសេសអ្នកមានជីវភាពខ្សត់ខ្សោយទទួលរងគ្រោះដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណា និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាងទាំងព្រះរាជអំណោយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋានភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្រ្តកាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី សូមព្រះអង្គបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូន ចៅ ចៅទួតរបស់ព្រះអង្គទូទាំងកម្ពុជាជាដរាបតរៀងទៅ។

សូមបញ្ជាក់ថា នេះជាលើកទី៤ នៃការប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត ដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង តាមរយៈឯកឧត្តម គុយ សុផល ព្រះរាជតំណាងដែលលើកទី១ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានចំនួនសរុប ៦៤៥គ្រួសារ លើកទី២ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចំនួន ៥១១គ្រួសារ លើកទី៣ នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានចំនួន ៥៤៥គ្រួសារ និងលើកទី៤ នៅក្រុងច្បារមន និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺមានចំនួន ៤៧៦ គ្រួសារ។

បន្ទាប់ពីបំពេញកិច្ចជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ឯកឧត្តម គុយ សុផល ព្រះរាជតំណាង បានចុះពិនិត្យដំណើរការសាងសង់អគារសិក្សាមួយខ្នង ៦បន្ទប់ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានជូនប្រជារាស្ត្រជាបងប្អូន កូនចៅរបស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាន ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសិស្សានុសិស្ស ជាកូនចៅរបស់ព្រះអង្គមានកន្លែងចូលសិក្សារៀនសូត្រ ប្រកបដោយភាពសមរម្យក្នុងការទទួលយកចំណេះដឹងផ្សេងៗមកបម្រើប្រទេសជាតិនាពេលអនាគត៕