រាជរដ្ឋាភិបាលដាក់ចេញ គោលនយោបាយ កសិកម្មលើកស្ទួយ ជីវភាពពលរដ្ឋ


ភ្នំពេញ៖អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ កសិកម្មជាច្រើនចំណុច ដើម្បីលើកស្ទូយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម សុខ ឥសាន បានលើកឡើងថា  ផ្អែកលើទស្សនវិស័យអភិវឌ្ឍន៍រាជរដ្ឋាភិបាល មានគោលនយោបាយចំពោះ វិស័យកសិកម្មដូចជា៖ មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ , មិនយកពន្ធនាំចូលសម្ភារៈកសិកម្ម។ បច្ចុប្បន្នកសិករអាចមានលទ្ធភាពស្រោចស្រព ផ្ទៃដីកសិកម្មប្រមាណជា៦០ភាគរយនៅទូទាំងប្រទេស។ ក្នុងនោះបានអភិវឌ្ឍន៍ ប្រភពថាមពលអគ្គិសនី ដើម្បីបំរើវិស័យកសិកម្ម  លើកកំពស់ឲ្យប្រជាកសិករផលិត កសិកម្មតាមប្រពលវប្បកម្ម មានទិន្នផលខ្ពស់និងប្រើពូជល្អ មានស្តង់ដារ សំរាប់នាំចេញ។ ខិតខំរកទីផ្សារកសិផល បើកទូលាយចរាចរ កសិផលទូទាំងប្រទេស ជំរុញវិនិយោគដើម្បីសាងសង់ រោងចក្រកែច្នៃកសិផល សំរាប់នាំចេញ និងរោងចក្រផលិតជី សំរាប់ចរាចរជូនកសិករក្នុងស្រុក ។

ឯកឧត្តមថា ដោះស្រាយថវិការាប់សិប លានដុល្លារ សំរាប់ប្រមូលទិញកសិផលមកស្តុកទុក  ជៀសវាងឈ្មួញបន្ទាបថ្លៃ ឬកែឆ្នៃសំរាប់នាំចេញ។ ស្វែងរកទីផ្សារនៅក្រៅប្រទេស ដើម្បីលក់កសិផល បញ្ចុះអត្រាការប្រាក់ កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យមកនៅទាប ដើម្បីបន្ថយថ្លៃដើម ។ ពុះពារចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) និងសមាគមអាស៊ានដើម្បីមានឋានៈ ស្មើបណ្តាប្រទេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។

លោក សុខ ឥសាន បន្ថែមថា ចំពោះនយោបាយកសិកម្ម របស់លោក សម រង្ស៊ី មិនអាចយកជាការបានទេ។ កម្ពុជាប្រកាន់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី  រដ្ឋមិនអាចកំណត់ថ្លៃទំនិញទេ ។ សម រង្ស៊ីនេះហើយ ដែលធ្លាប់រិះគន់រាជរដ្ឋាភិបាលពីបញ្ហា កំណត់ថ្លៃទំនិញនោះ  ឥឡូវ សម រង្ស៊ីមកយកការកំណត់ ថ្លៃកសិផលមកអនុវត្ត ។ បើរដ្ឋចំណាយប្រាក់ទិញ កសិផលក្នុងតម្លៃខ្ពស់ ដល់បញ្ចេញលក់ លក់មិនចេញ ដោយសារថ្លៃខាងក្រៅថោកជាង ។

ឯកឧត្តម បានបញ្ជាក់ថា សម រង្ស៊ី គ្មានដឹងខ្យល់អ្វីទាំងអស់ និយាយគ្រាន់តែជាគំនិតបោកប្រាស់ ប្រជាជន ដោយចង់ឆ្លៀតដាក់កំហុស មកលើរាជរដ្ឋាភិបាល៕