ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ត្រូវបានចែកដល់ប្រជារាស្រ្តរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបុរី


យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានចូលរួមក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយ ដ៏ឧត្តុងឧត្តមដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យលិចលំនៅដ្ឋាន និងផលដំណាំ មានចំនួនសរុប ៦៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន៧ នៃឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សកម្មភាពចែកព្រះរាជអំណោយ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកជំទាវ សុខ នារី គុយសុផល ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង និងលោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំង ជាច្រើនរូបទៀត។

សំណេះសំណាល ក្នុងឱកាសដ៏ប្រសើរនោះ ឯកឧត្តម គុយ សុផល បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលសព្វថ្ងៃព្រះអង្គកំពុងគង់សម្រាកពិនិត្យព្យាបាល ព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយទឹកជំនន់ទឹកភ្លៀងរស់នៅមូលដ្ឋានខាងលើ នៃឃុំបន្ទាយនាងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងកំពុងជួបប្រទះនូវការលំបាក ខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជំរក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។

ហេតុនេះហើយទើបព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន ឯកឧត្តម គុយ សុផល នាំមកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាចែកជូនបងប្អូន ទាំង៦៧៤គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូន។ ឯកឧត្តម គុយ សុផល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានជូនពរជ័យ សិរីមង្គល សូមបងប្អូនបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត និងបាន ចម្រុងចម្រើន ក្នុងជីវភាពគ្រប់ក្រុមគ្រួសារជាដរាបតរៀងទៅ។

ព្រះរាជអំណោយ ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ដែលបានចែកជូនដល់បងប្អូនប្រជារាស្ត្រ ទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបជាមេគ្រួសារចំនួន ៦៧៤នាក់ រស់នៅក្នុង៧ភូមិ នៃឃុំបន្ទាយនាង ស្រុកមង្គល បុរី ខេត្តបន្ទាយមានជ័យ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើ៥០គីឡូក្រាម, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស ស្មើ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ចំនួន៤០០ពាន់រៀល។

ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់ បងប្អូនប្រជារាស្រ្ត រស់នៅក្នុងមូលដ្ឋានខាងលើនៃស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅពេលនេះ គឺជាព្រះរាជហឬទ័យ សណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឬទ័យទុកដាក់ ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំងព្រះរាជអំណោយ សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងព្រះរាជអំណោយជាឧត្តមប្រយោជន៍ សម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋាន ភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។