នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបឯកឧត្ដម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការមេត្រីភាពបរិស្ថានរវាងកុមាររុស្ស៊ីនិងកុមារកម្ពុជា ដែលកំពុងសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការសិក្សាស្វែងយល់អំពីធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ជាពិសេសប្រភេទសត្វកម្រ។ គោលបំណងសំខាន់នៃកិច្ចពិភាក្សាការងារគឺ ដើម្បីផ្ដល់ឱកាសឱ្យកុមារជាសិស្សសាលានៃប្រជាជនប្រទេសទាំងពីរបានផ្លាស់ប្ដូរចំណេះដឹង ទេពកោសល្យ និងស្នាដៃសិល្បៈ ក្នុងក្របខ័ណ្ឌកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។ ក្រោយពីបានស្តាប់នូវបទបង្ហាញស្តីពីចំណាប់អារម្មណ៍និងសកម្មភាពចងក្រងសៀវភៅ Red Book of Cambodia របស់កុមាររុស្ស៊ី និងសំណើសុំផ្តល់កិច្ចសហការពីសំណាក់ក្រុមគ្រូបង្រៀនរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានគាំទ្រឱ្យបន្តពង្រីកសកម្មភាពមេត្រីភាពបរិស្ថាននេះឱ្យបានទូលំទូលាយជាមួយកុមារកម្ពុជា តាមរយៈកិច្ចសហការជាមួយយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងបរិស្ថាននិងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជ្រាប និងទម្លាប់ល្អចំពោះបរិស្ថាន និងសត្វគ្រប់ប្រភេទ ក្នុងចំណោមកុមារជាសិស្សានុសិស្សនៃប្រទេសទាំងពីរ។
ឯកឧត្ដម សាយ សំអាល់ ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា
