អំណោយរបស់សម្តេច ហេង សំរិន ត្រូវបានយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងអំណោយរបស់ក្រុមការងាររាជរដ្ឋភិបាល ចុះជួយខេត្តពោធិ៍សាត់ ចែកជូនដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន៧ភូមិ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទាំងអស់ ដោយក្តីអាណិតអាសូ សម្តេចទាំងទ្វេតែងតែបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូន ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់ដាច់ស្បៀង និងប៉ះពាល់ដល់អាយុជីវិតឡើយ ពិសេសជាងនេះ សម្តេចបានដឹកនាំឲ្យមាន សុខដុមនីយកម្មដល់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រហូតធ្វើអោយមានការកោតសរសើរពីសំណាក់បណ្តាប្រទេសមួយចំនួន ក្នុងសាកលលោក ជាពិសេសធ្វើឲ្យអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា (OIC) ដែលមានសមាជិកដែលមានសមាជិក ៥៧ ប្រទេស និងជាអង្គការធំទីពីរ បន្ទាប់អង្គការសហប្រជាជាតិ បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសគំរូសម្រាប់បណ្តារប្រទេសនានានៅលើពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ដោយនៅតែអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ របស់ក្រសួងសុខាភិបាល ត្រូវថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមសម្អាតភូមិលំនៅដ្ឋានរបស់ខ្លួន នៅពេលទឹកជំនន់បានស្រកចុះទៅវិញ៕