ឯកឧត្តម ញ៉ឹក វណ្ណារ៉ា សូត ចុះសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋ៧៦គ្រួសារ ដែលរងគ្រោះទឹកជំនន់ នៅក្រុងច្បារមន


ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ អញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧៦គ្រួសារ នៅភូមិពង្រ ភូមិស្វាយក្រវ៉ាន់ សង្កាត់កណ្តោដុំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

អំណោយទាំងនោះរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ប្រេងឆា និងថវិកា៤ម៉ឺនរៀល ក្នុងមួយគ្រួសារ ដែលជាអំណោយសប្បុរសធម៌ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការ។

ក្នុងពិធីនេះដែរ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណធម៌ដ៏ប្រពៃដើម្បីគ្រួសារកក់ក្តៅ និយាយជារួម គឺគ្រួសារខ្មែរយើងចេះជួយ គ្នាក្នុងគ្រាជួបការលំបាក។

ជាមួយគ្នានោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិការដែលប្រកបដោយ ចិត្តសប្បុរសធម៌ បានយកចិត្តទុកដាក់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕