អំណោយរបស់សម្តេចតេជោ ត្រូវបាននាំយកទៅចែកជូនពលរដ្ឋ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ


(កំពង់ធំ)៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នាំយកទៅចែកជូនប្រជាពលរដ្ឋ ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្រុកប្រាសាទបល្ល័ង្ក។

ពិធីចែកអំណោយនេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រជាពរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ខណៈពេលដែលទទួលរងគ្រោះដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន ដោយមិនទុកឱ្យប្រជាពរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ។

ឯកឧត្តម សុខ លូ ក៏បានកោតសរសើរនូវកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ រួមទាំងប្រជាពលរដ្ឋ ជាពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយជួយជញ្ជូនសម្ភារៈ និងស្បៀងអាហារចម្លងទឹកស្ទឹងទៅដល់គោលដៅចែកអំណោយដោយសុវត្ថិភាព។

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពអនាម័យ គេងក្នុងមុង ហូបស្អាតផឹកស្អាត រស់នៅមានការប្រយ័ត្នប្រយែងជៀសវាងកើតជំងឺរាករួសដែលអាចឆ្លងមកតាមទឹកជំនន់ និងការពារពីសុវត្ថិភាពពីពួកសត្វសេរពិស ជាពិសេសការពារអាយុជីវិតក្មេងៗ និងមនុស្សចាស់ ជៀសវាងមានគ្រោះថ្នាក់ដោយសារទឹកជំនន់។

សូមបញ្ជាក់ផងដែរថា ភូមិត្រពាំងព្រីង ស្ថិតនៅដាច់ស្រយាលការធ្វើដំណើរប្រកបដោយសែនលំបាកដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីសែងអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែង និងឆ្លងកាណូត ដើម្បីនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋឱ្យដល់គោលដៅ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ និងកំពុងរង់ចាំអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ធំ។

ក៏ប៉ុន្តែបើទោះបីទឹកហូរកាត់ផ្តាច់ស្ពានថ្នល់ក៏មិនអាចរារាំងសកម្មភាពមនុស្សធម៌នេះបានឡើយដោយសារការដឹកនាំ ឯកឧត្តម សុខ លូ បានប្រើប្រាស់គោយន្ត កាណូត និងកម្លាំងថ្មើរជើងរួមចិត្តរួមកម្លាំងពីប្រជាពលរដ្ឋ និងកងកម្លាំងជញ្ជូនអំណោយមនុស្សធម៌ទៅដល់គោលដៅប្រកបដោយជោគជ័យ។

អំណោយដែលបានប្រគល់ជូនគ្រួសារពលរដ្ឋទាំងអស់ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ី ត្រីខ៕