នាព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការ ឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរិណារាមទួលកែវអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខែ្មរ។ ទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈ សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ជាមួយគ្នាដោយសុខសាន្តទាំងខាងផ្លូវស្មារតី សាមគ្គីគ្នា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ដូច្នេះហើយ វត្តអារាមជាទីដ្ឋានដ៏មាន សារៈសំខាន់សម្រាប់បណ្តុះ និងថែរក្សានូវគម្ពីរសាស្រ្តា អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី របស់ជនជាតិខ្មែរ ឲ្យគង់វង្សបានសិ្ថតស្ថេរ។
ជាមួយគ្នានេះ សម្តេចចក្រី ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមទំាងអស់គ្នា ដើម្បីលប់បំបាត់ឲ្យអស់ ចំពោះគ្រឿងញៀន ពីព្រោះវាបំផ្លាញសុខភាព សេចក្តីសុខសាន្តក្នុងគ្រួសារ និងសង្គមជាតិទំាងមូល។ វិធានការដែលចេញពីរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច វាមិនគ្រប់គ្រាន់ទេ បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទូទៅ។ ដូច្នេះគ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅឲ្យបានល្អ នៅតាមសាលារៀន គ្រូសាស្ត្រាចារ្យត្រូវអប់រំសិស្សនិស្សិត ឲ្យជៀសឆ្ងាយពីគ្រឿងញៀន។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលនាំអោយខាតបង់ដល់ទ្រព្យសម្បត្តិ អាយុជីវិត និងពេលវេលា។ សូម ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំអ៊ីស្លាមសាសនា គ្រូគង្វាលគ្រីស្តសាសនា ត្រូវចូលរួមអប់រំ ផ្សព្វផ្សាយក្នុងការងារទាំងនេះ អោយបានសស្រាក់ស្រស្រាំ និងទូលំទូលាយ ។