អភិបាលខេត្តកណ្តាល ចុះសួរសុទុក្ខប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេបាសាក់រហូតស្លាប់កូន


កណ្ដាល ៖ នៅថ្ងៃ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តមួយក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេបាសាក់ និងគ្រួសារមានកូនលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។ ឯកឧត្ដម បានបន្តទៀតថា កាកបាទក្រហមកម្ពុជា  ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាគ្មានទីពឹង ជនក្រីក្រ ស្រី្តមេម៉ាយក្រីក្រមានកូនច្រើន អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពក្រីក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោ បាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

អំណោយដែលសាខាបានប្រគល់ជូនគ្រួសាររងគ្រោះ ដោយបាក់ច្រាំងទន្លេ ចំនួន ២ គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស កៅស៊ូតង់ ១ផ្ទាំង និងថវិកា ៥៥ ម៉ឺនរៀល។ ដោយឡែកគ្រួសារលង់ទឹកស្លាប់ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកបរិសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស ត្រីខ ២យួរ និងថវិកា ១លានរៀលផងដែរ ៕