ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និង ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចែកជូនប្រជាពលរដ្ឋចំនួន១៤០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលផងដែរ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីជៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត នៅក្នុងអំឡុងពេលមានទឹកជំនន់ និងពេលទឹកជំនន់បានបញ្ចប់។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍ដុសលាងដៃជើង និងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគ ហូបស្អាត ផឹកទឹកដាំឱ្យពុះ ដើម្បីទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ នៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕