តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង


ឯកឧត្តម ឈាង វុន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម សឿ ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកជំទាវ ញឹក សុគន្ធ សមាជិកក្រុមប្រឹក្សាខេត្ត លោក នូ ប៊ុនយ៉ាង អភិបាលនៃគណៈអភិបាលស្រុកបវេល លោក សុខ គឹមខុន អភិបាលនៃគណ:អភិបាលស្រុកកំរៀង ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ នៅភូមិទំនប់ត្រកួន ឃុំឃ្លាំងមាស ស្រុកបវេល និងចំនួន១២០គ្រួសារ ស្ថិតនៅក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ឯកឧត្តម ឈាង វុន បានពាំនាំនូវការផ្ដាំផ្ញើរការសាកសួរសុខទុក្ខ និងចែករំលែកទុក្ខលំបាក ដែលប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស: ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារគ្រោះជំនន់ទឹកភ្លៀង បានសម្តែងការសោកសា្តយជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះនូវទឹកជំនន់នេះ ដែលធ្វើអោយប៉ះពាល់ដល់ផលដំណាំរួម និងរបរផ្សេងៗទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកពីជំហររបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ តែងតែយកចិត្តទុកជាមួយប្រជាពលរដ្ឋ ដោយបានជួយជំលៀសបងប្អូនមកកាន់ទីទួលសុវត្តិភាព។
ឯកឧត្តមបន្តថា ជាក់ស្តែងនៅថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះសរបញ្ជាក់ឲ្យឃើញថា ទីណាមានបងប្អូនជួបទុក្ខលំបាក តែងមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់ដាច់បាយ និងប៉ះពាល់ដល់អាយុជីវិតឡើយ។
ឯកឧត្តម បានលើកទ្បើងថា អំណោយទំាងអស់នេះ ជាការចូលរួមចំណែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទំាងទទួលបានពីសប្បុរសជនផ្សេងទៀត ហើយអំណោយទាំងនេះអាចជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតាបានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាលទុក្ខលំបាកបងប្អូនបានមួយគ្រា។
ឯកឧត្តម ឈាង វុន មានប្រសាសន៍លើកឡើងបន្តថា គ្រោះធម្មជាតិ មិនមែនកើតមានតែក្នុងប្រទេសយើងនោះទេ ពោលគឺប្រទេសជាច្រើនលើពិភពលោក ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ផងដែរ។
ឯកឧត្តមបានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យចូលរួមជាមួយនិងអាជ្ញាធរដែនដី រួមគ្នាជំនះការរាល់លំបាកនេះ ព្រោះថាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែដោះស្រាយបញ្ហាចំពោះមុខបងប្អូនជានិច្ចនៅគ្រប់ពេលនិងគ្រប់កាលៈទេសៈ ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនដែលរងគ្រោះទឹកជំនន់ទឹកភ្លៀងត្រូវប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតទៅលើសុខភាព ការរស់នៅ ហូបចុកត្រូវមានអនាម័យ ពិសេសគឺកុមារតូចៗ មិនត្រូវបណ្តោយអោយពួកគាត់លេងទឹក នៅតំបន់គ្រោះថ្នាក់ទឹកហូរខ្លាំងឬជ្រៅនោះទេ។
សូមបញ្ជាក់ថា អំណោយមួយចំនួនដែលបានយកទៅទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២៨២គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ២៥គីទ្បូក្រាម មី១កេស ត្រីខ១យួរ ទឹកសុទ្ធ១យួរ ទឹកត្រី៣ដប ទឹកស៊ីអុីវ៣ដបផងដែរ ។