ភ្នំពេញ ៖ គណៈប្រតិភូតំណាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រ ធានគណៈកម្មាធិការអចិន្រ្តៃយ៍សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (អាយកាប់-ICAPP) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជ នជាន់ខ្ពស់ក្នុងពិធីបើកវេទិកាអន្តរគណបក្សអន្តរជាតិ (Internal Inter-Party Forum SCO+) នៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO+) តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទស្តីពី “ការធ្វើ ពាណិជ្ជកម្មសម្រាប់ប្រជាជន”។
ការអញ្ជើញចូលរួមរបស់ប្រតិភូតំណាងគណបក្សប្រជាជនកម្ពុជានាពេលនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះ គណបក្សរួបរួមរុស្ស៊ី តាមរយៈ ឯកឧត្តម អង់ដ្រេ គ្លីម៉ៅ អគ្គលេខាធិការរង ក្រុមប្រឹក្សាទូទៅ គណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានអង្គការ ICAPP។
សូមជម្រាបថា សហព័ន្ធរុស្ស៊ី ក្នុងនាមជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO) បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃ វេទិកាអន្តរគណបក្សអន្តរជាតិ ក្រោមប្រធាន បទស្តីពី “ការធ្វើពាណិជ្ជកម្មសម្រាប់ប្រជាជន” ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីគ ណបក្សរួបរួមរុស្សី ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងតំណាងអ្នកវិនិយោគិនមកពី SCO ក្រុមប្រទេស BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) និងសមាគមរដ្ឋឯ ករាជ្យកុំម្មុនវែល (Commonwealth of Independent States-CIS) និងអ្នកសង្កេតការណ៍មកពី ប្រទេសផ្សេងៗ តាមប្រព័ន្ធអ៊ីនធើណែត ពីថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២០។
ក្នុងសុន្ទរកថារបស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែង នូវក្តី រីក រាយ និងអបអរសាទរដល់គណបក្សរួបរួមរុស្ស៊ីដែលបានរៀបចំវេទិកាអន្តរគណបក្សយ៉ាងរហ័ សទាន់ពេលវេលាដោយផ្តោតលើកិច្ចសហប្រតិបត្តិការ និងការកសាងភាពជាដៃគូក្នុងការឆ្លើ យតបទៅនឹងការរាតត្បាតនៃកូវីដ១៩។ លោកជំទាវ បានគូសបញ្ជាក់ថា កូវីដ១៩គឺជាបញ្ហាសកលដែលទាមទារឱ្យមានសាមគ្គីភាពគ្នាជាសកល និងដំណោះស្រាយរួម។ ជាអកុសល ប្រទេសខ្លះបានកេងចំណេញនយោបាយទៅលើជំងឺរាតត្បាតនេះដោយសារផលប្រយោជន៍ និងភាពអាត្មានិយមតូចចង្អៀតរបស់ពួកគេ។ លោកជំទាវ បានបញ្ជាក់បន្ថែមថា នៅពេលដែលវិបត្តិសកលមានទំហំ និងទ្រង់ទ្រាយធំបែបនេះ វាចាំបាច់ខ្លាំងណាស់សម្រាប់យើងក្នុងជំរុញយុទ្ធនាការសកលរួមគ្នា ដើម្បីទប់ទល់នឹងឯកតោភាគីនិយម និងជាតិនិយមផ្តាច់មុខ បូករួមទាំងជាតិនិយមអំពីវ៉ាក់សាំង។
លោកជំទាវ បានលើកឡើងបន្តថា គណបក្សនយោបាយមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវខាងផ្នែកនយោបាយ សម្រាប់ការបង្កើតនូវរបៀបវារៈគោលនយោបាយ និងការប្រមូលធនធាន ដើម្បីដោះស្រាយវិបត្តិនៃជំងឺរាតត្បាតនេះ។ ការធ្វើការសម្រេចចិត្តដោយផ្អែកលើវិទ្យាសាស្ត្រ និងទិន្នន័យ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងវិបត្តិ។
គណបក្សនយោបាយទាំងអស់ គឺមានសារៈសំខាន់ដូចជាភាគីពាក់ព័ន្ធដទៃជាសកល ដែលគួរពិចារណាលើចំណុចអាទិភាពរបស់ពួកគេដោយផ្តោតលើការកសាងស្តារឡើងវិញនូវផែនការមួយដែលមានភាពធន់មាំ និងបៃតង ព្រមជាមួយនឹងការស្តារសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើងជាមួយអាទិភាពរបស់សង្គម។
ត្រង់ចំណុចនេះ លោកជំទាវ បានសង្កត់ធ្ងន់លើ “ការស្តារឡើងវិញប្រកបដោយភាពបៃតង” ដោយផ្តោតលើការបញ្ចូលធម្មជាតិទៅក្នុងគោលនយោបាយសេដ្ឋកិច្ច។ ការងារថ្មីត្រូវបានបង្កើតឡើង ហើយនឹងត្រូវបានបង្កើតឡើងជាច្រើនទៀតនៅក្នុងថាមពលកកើតឡើងវិញ សេដ្ឋកិច្ចរាងជារង្វង់ និងបច្ចេកវិទ្យាបរិស្ថាន។ លោកជំទាវ បានជម្រាបជូនពីស្ថានភាពរបស់កម្ពុជានៅក្នុងវេទិកានេះថា នៅប្រទេសកម្ពុជាបានអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកំណើនបៃតង (២០១៣-២០៣០) ដោយផ្តោតលើការប្រើប្រាស់ជានិរន្តរ៍លើធនធានធម្មជាតិ ប្រសិទ្ធភាពនៃថាមពល និរន្តរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង និងកំណែទម្រង់សេដ្ឋកិច្ចដោយពិចារណាលើការលើកទឹកចិត្តបៃតង ដូចជាពន្ធដារបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង មីក្រូហិរញ្ញវត្ថុ និងការវិនិយោគបៃតង។
ជាមួយគ្នានេះផងដែរ គណបក្សប្រជាជនកម្ពុជាបាននិងកំពុងអភិវឌ្ឍព្រមទាំងអនុវត្តគម្រោង “ភូមិតេជោ១០០” ក្រោមក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី(ICAPP) និងក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ដើម្បីលើកកម្ពស់ភូមិក្នុងប្រទេសកម្ពុជាដែលមានភាពវៃឆ្លាត បៃតង និងដោយផ្អែកលើវប្បធម៌។ កិច្ចការនេះនឹងរួមចំណែកដល់ផែនការស្តារឡើងវិញដែលមានភាពបៃតង ធន់មាំ និងប្រកបដោយបរិយាប័ន្ន។
ដោយឡែក ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ លោកជំទាវបានបញ្ជាក់បន្ថែមថា បើទោះបីប្រទេសកម្ពុជាជាប្រទេសតូចមួយ ដែលមានធនធាន និងសមត្ថភាពមានកម្រិតក៏ដោយ ក៏យើងប្តេជ្ញាបំពេញកាតព្វកិច្ចរបស់យើងដូចមានចែងក្នុង COP21 និងបានរួមបញ្ចូលការកាត់បន្ថយការប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់យើង៕