បិទបញ្ចប់គម្រោងចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ សម្រាប់មធ្យមសិក្សាបឋមភូមិ ២០១៧-២០២០


ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទបញ្ចប់គម្រោងចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ សម្រាប់មធ្យមសិក្សាបឋមភូមិ ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីរសៀលថ្ងៃ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវរបាយការណ៍ស្តីពីសកម្មភាព សមិទ្ធផល និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ  និង​ជំរុញសកម្មភាពអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៧-២០២០​ ដោយអនុវត្តន៍តាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) និងអង្គការមិនមែនរដ្ឋាភិបាលជប៉ុន បេះដូងមាស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ លើគម្រោងសកម្មភាពចងក្រងសៀវភៅសម្រាប់គ្រូមុខវិជ្ជាអប់រំកាយ និងជំរុញសកម្មភាពអប់រំកាយ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាបឋមភូមិ ដែលមានរយៈពេលអនុវត្តន៍៣ឆ្នាំ និង៩ខែ គឺចាប់ពីខែមករា ឆ្នាំ២០១៧ដល់ខែកញ្ញា ឆ្នាំ២០២០។គណៈកម្មការបច្ចេកទេសមួយត្រូវបានបង្កើតឡើងតាមលិខិតឧទ្ទេសនាម ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ឯកឧត្ត មរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលរួមមានមន្រ្តីរបស់ក្រសួង និង មន្ត្រីរបស់អង្គការជាដៃគូអនុវត្តន៍ ដើម្បីអនុវត្តន៍គម្រោង ។ ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ សមាជិកគណៈកម្មការទាំងអស់បានរួមសហការអនុវត្តន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានសម្រេចលទ្ធផលជាស្ថាពរទៅតាមអ្វីដែលផែនការសកម្មភាពនៃគម្រោង។ ឯកឧត្តមអគ្គនាយកកីឡា ក៏បានបង្ហាញនូវសកម្មភាពសំខាន់ដែលបានអនុត្តន៍កន្លមក សមិទ្ធផលនៃគម្រោង រួមទាំងបញ្ហាប្រឈមនៃដំណើរការគម្រោងចងក្រងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយនេះផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា គម្រោងចងក្រងសៀវ ភៅនេះ ជាកិច្ចសហការរវាងក្រសួងជាមួយអង្គការបេះដូងមាស ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ JICA ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦ លើការងារកែលម្អ និងអភិវឌ្ឍន៍មុខវិជ្ជាអប់រំកាយបែបថ្មី នៅក្នុងគ្រឹះស្ថានសិក្សា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងនេះបានបន្តជាបន្តបន្ទាប់ជាច្រើនដំណាក់កាលរហូតដល់លើកទី៥ កាលពីឆ្នាំ២០១៦ គឺជាគម្រោងដែលឧបត្ថម្ភពីអង្គការ JICA មាន រយៈពេលអនុវត្តន៍រហូតដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានគោលដៅចងក្រងសៀវភៅគ្រូ មុខវិជ្ជាអប់រំកាយ កម្រិតមធ្យមសិក្សាបឋមភូមិ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីរីករាយ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដោយទទួលបាននូវសមិទ្ធផលគួរជាទីមោទនៈ ដែលសម្រេចបាននូវកម្មវិធីសិក្សាលម្អិតអប់រំកាយបែបថ្មី និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវបញ្ហាប្រឈមជាច្រើនទៀត ដែលត្រូវដោះស្រាយសម្រាប់ឱ្យកម្មវិធីសិក្សាអប់រំកាយបែបថ្មីនេះ ត្រូវបានអនុវត្តន៍ជាទូទៅ និងស្របគ្នាក្នុងកម្រិតទូទាំងប្រទេស។ ឯកឧត្តមចាត់ទុកថា អង្គការ JICA និង អង្គការ បេះដូងមាស ដែលផ្តល់ការគំាទ្រ និងកិច្ចសហការនេះ គឺជាអត្ថប្រយោជន៍ចំពោះប្រជាជនកម្ពុជា ជាពិសេសគឺសិស្សានុ សិស្សកម្ពុជានៅគ្រប់កម្រិត ៕