រាជរដ្ឋាភិបាលសន្សំបាន៩១៨លានដុល្លារ ពីការកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២០ ក្នុងពេលជួបបញ្ហាកូវីដ១៩


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអាចសន្សំ បានថវិកាចំនួន៩១៨លានដុល្លារអាមេរិក ពីការកាត់បន្ថយចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០២០ ក្នុងពេលកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាល់ជំងឺកូវីដ១៩។ នេះឯកសារខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ ដែលបញ្ចេញដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែតុលានេះ។

ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២០ ចំនួន២លើក ដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលសន្សំថវិកាបានសរុបចំនួន៣ ៧១៦០៥៤លានរៀល ឬសមមូលនឹងប្រមាណ៩១៨លានដុល្លារអាមេរិក ក្នុងនោះថវិកាថ្នាក់ជាតិសន្សំបាន៦៧៧លានដុល្លារអាមេរិក សម្រាប់បំពេញតម្រូវការចំណាយចាំបាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយឡែកសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានកាត់បន្ថយចំណាយ ទៅតាមការថយចុះចំណូលចំនួន២៤១លានដុល្លារអាមេរិក ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយថ្នាក់ក្រោមជាតិ»។

សូមជម្រាបថា រាជរដ្ឋាភិបាលសម្រេចកាត់បន្ថយការចំណាយថវិកាជាតិចំនួន២លើក ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ដោយលើកទី១ កាត់បន្ថយការចំណាយថវិកាជាតិប្រមាណ ៤៤៣លានដុល្លារអាមេរិក និងលើទី២ ការសម្រេចកាត់បន្ថយការចំណាយថវិកា ៤៧៥លានដុល្លារទៀត។

នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៨,២២៣លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤,៨៨៨លានដុល្លារ និងចំណាយមូលធនថវិការដ្ឋ ប្រមាណ៣,៣៣៥លានដុល្លារ។ តែថវិកានេះសម្រេចកាត់បន្ថយថវិកា ៩១៨លានដុល្លារមកវិញ ដើម្បីទប់ទល់វិបត្តិបង្កដោយជំងឺកូវីដ១៩៕