ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដល់និស្សិតជាជ័យលាភី នៅវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ


ព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៧នេះ តបតាមការអញ្ជើញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជាជ័យលាភី នៅវិទ្យាស្ថានក្រុងអង្គរ ខេត្តកំពង់ធំ ។
ព្រះសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិត យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីដ៏អធឹកអធមនេះផងដែរ ។
លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានក្រុងអង្គរ បានឲ្យដឹងថា វិទ្យាស្ថាននេះបង្កើតឡើងតាមអនុក្រឹត្យលេខ ២៨អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០០២ និងមានសាខាវិទ្យាស្ថានក្រុងអង្គរមួយកន្លែងទៀត មានទីតាំងនៅខេត្តព្រៃវែង ។ លោកបានឲ្យដឹងទៀតថា ក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ វិទ្យាស្ថានមាននិស្សិតកំពុងសិក្សាចំនួន ២.២៤២ នាក់ គឺមានផ្នែកអាហារូបករណ៍ និងផ្នែកបង់ថ្លៃសិក្សា ។ លោកបានបញ្ជាក់ទៀតថា និស្សិតត្រូវទទួលសញ្ញាបត្រក្នុងពិធីនាថ្ងៃនេះ សរុបចំនួន២.០៨៤ នាក់ ក្នុងនោះមាននិស្សិតអាហារូបករណ៍ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចំនួន៤០០ នាក់ ។
ឯកឧត្តម គង់ វិមាន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញអានសុន្ទរកថាស្វាគមន៍ ដោយបានបញ្ជាក់ពីស្ថានភាពរួម របស់ខេត្ត និងអំពីស្ថានភាពវិស័យអប់រំ ក្នុងខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងក្មួយៗនិស្សិត ជាជ័យលាភីទាំងអស់ដោយបានបញ្ជាក់ និងកោតសរសើរចំពោះក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ ដែលបានខិតខំបំពេញការងាររបស់ខ្លួន ក្នុងរយះពេលជាងមួយទស្សវត្សន៍មកនេះ និងកោតសរសើរ ចំពោះក្មួយៗនិស្សិតជាជ័យលាភី ដែលបានខិតខំជំនះរាល់ឧបសគ្គនានារហូត ទទួលបានជោគជ័យនៅពេលនេះ ។
ឯកឧត្តមបណ្ឌិត មានប្រសាសន៍ចាប់អារម្មណ៍ថា តាមរយះចំនួននិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថាន និងនិស្សិត ដែលទទួល បានសញ្ញាបត្រនៅថ្ងៃនេះ មានចំនួនច្រើនគឺបាន បញ្ជាក់ថា មាតាបិតា អាណាព្យាបាលរបស់ក្មួយៗ មានទំនុកចិត្តមកលើវិទ្យាស្ថាន ។ ដូចគ្នានេះដែរតាមសេចក្តីរាយការណ៍របស់លោក ប្រធានក្រុមប្រឹក្សាភិបាល ថាអត្រានិស្សិតដែលបាន បញ្ចប់ការសិក្សា បានចូលបំរើការងារតាមបណ្តាស្ថាប័នរដ្ឋ និងឯកជន រហូតដល់៩៥% នេះបញ្ជាក់អំពីគុណភាពអប់រំ របស់វិទ្យាស្ថានក្រុងអង្គរ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរ អំពីធនធានមនុស្សដែលជាកត្តាសំខាន់សំរាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានថ្លែងអំណរគុណចំពោះវិទ្យាស្ថានក្រុងអង្គរ ដែលបានផ្តល់អាហារូបករណ៍ដល់ ឯកឧត្តមបណ្ឌិត ចំនួន៤០០នាក់ ដើម្បីជួយដល់កូនចៅរបស់ប្រជាពលរដ្ឋខ្វះខាត បានចូលរៀនសូត្រថ្នាក់ឧត្តមសិក្សា នៅវិទ្យាស្ថានក្រុងអង្គរនេះ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍ផ្តាំផ្ញើរដល់ក្មួយៗនិស្សិតជ័យលាភីទាំងអស់ មិនត្រូវគិតថាការសិក្សារបស់ខ្លួន បញ្ចប់នៅត្រឹមនេះទេ គឺយើងរៀនសូត្ររហូត រៀនសូត្រពីសាលា រៀនសូត្រពីគ្រួសារ រៀនសូត្រពីសង្គម និង រៀនសូត្រដោយខ្លួនឯង តាមរយះការឧស្សាហ៍អាន ឧស្សាហ៍សង្កេត ដើម្បីអភិវឌ្ឍន៍ខ្លួន និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ។ បើយើងបោះបង់ការសិក្សារៀនសូត្រចោល បានសេចក្តីថាយើងឈរនៅមួយកន្លែង និងមិនទទួល បានចំណេះដឹងថ្មីៗ និងដើរទាន់សភាពការណ៍វិវឌ្ឃន៍ រីកចំរើនរាល់ថ្ងៃឡើយ ។