រដ្ឋបាលខេត្ត បើកកិច្ចប្រជុំកំណត់ទីតាំងចំនួន១០ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០ នៃ (គម្រោងតេជោភូមិ ១០០)


កណ្ដាល ៖រសៀលថ្ងៃ១០កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំ កំណត់ទីតាំងចំនួន១០ ក្នុងខេត្តកណ្ដាល ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០ នៃ”គម្រោងតេជោភូមិ ១០០” ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល និង ឯកឧត្តមបណ្ឌិត ងួនផាន ភក្ដី អ្នករៀបចំគម្រោង។

ឯកឧត្តមបណ្ឌិត ងួនផាន ភក្ដី បានឱ្យដឹងថា គម្រោងតេជោភូមិ ១០០នេះ នឹងត្រូវអនុវត្តន៍នៅទូទាំង ២៥រាជធានី-ខេត្ត ហើយគម្រោងនេះនឹងចូលរួមចំណែកក្នុងការជំរុញការអភិ   វឌ្ឍនៅថ្នាក់មូលដ្ឋាន នឹងកាត់បន្ថយភាពក្រីក្រ សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត បានបន្តថា ទីតាំងដែលមានសក្ដានុពលសម្រាប់អនុវត្តន៍គម្រោងនេះ ត្រូវមានលក្ខណៈ ជាកន្លែងមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ កន្លែងទាក់ទាញភ្ញៀវទេសចរ អាជ្ញាធរមានភាពជាអ្នកដឹកនាំនៅមូលដ្ឋាន មានភាពជាម្ចាស់ការ និងមានសមត្ថភាពធនធានមនុស្សគ្រប់គ្រាន់ មានសត្ដានុពលទាក់ទាញការវិនិយោគឯកជន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងជាទីតាំងមានប្រជាជនរស់នៅច្រើន។

ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានសំដែងនូវការគាំទ្រ និងសហការយ៉ាងពេញទំហឹង ក្នុងការកំណត់ទីតាំង សម្រាប់ធ្វើការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញជុំវិញខេត្ត ត្រូវធ្វើការសហការជាមួយក្រុមការងារឱ្យបានច្បាស់លាស់ ដើម្បីធ្វើការកំណត់ទីតាំងដែលមានសក្ដានុពលនៅក្នុងខេត្ត ៕