អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្រីពីតួនាទីភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុង ស្រុក


កំពង់ចាម៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ចក្នុងរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងស្រុក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក- លោកស្រីប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង-ស្រុក និងសិក្ខាកាមជាមន្ត្រីមកពីរដ្ឋបាលក្រុង-ស្រុក។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោយពីដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីក្នុងសមាហរណកម្មមន្ត្រីរដ្ឋបាលក្រុង-ស្រុកទាំង១៩ ក្នុងអំឡុងខែកុម្ភៈឆ្នាំ២០២០។ រដ្ឋបាលខេត្ត បានរៀបចំក្រុមការងារចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃដំណើរការនៃការអនុវត្តមុខងារ តួនាទី និងភារកិច្ចរបស់ថ្នាក់ក្រុង-ស្រុក ដែលជាលទ្ធផលបានបង្ហាញឲ្យឃើញថានៅមានចំណុចខ្វះខាតពាក់ព័ន្ធទៅនឹងធនធានមនុស្សរបស់មន្ត្រីរបស់យើង។ ហេតុនេះរដ្ឋបាលខេត្តសម្រេចរៀបចំបើកវគ្គបណ្ដុះបណ្ដាលក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមន្ត្រី មានសមត្ថភាពគ្រប់គ្រាន់ និងអនុវត្តមុខងារភារកិច្ចរបស់ខ្លួនប្រកបដោយភាពរលូន ដែលរុញដំណើរការនៃកំណែទម្រង់នេះឲ្យមានគោលដៅឆាប់រហ័សតាមការចង់បានរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវផ្ដល់ការគាំទ្របច្ចេកទេស និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីថ្នាក់ក្រុង-ស្រុករួមគ្នា។ សម្រាប់រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនិងត្រូវធ្វើការដឹកនាំលើការងារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។
គួរបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះនឹងត្រូវរៀបចំជា ៧វគ្គស្មើនឹង ៩ថ្នាក់ និងមានសិក្ខាកាមចូលរួមទាំង១០ក្រុង-ស្រុក មានចំនួន ៩៣២នាក់ ដោយក្នុងវគ្គ ត្រូវបែងចែកជា២ថ្នាក់ ដោយក្នុងមួយថ្នាក់មានសិក្ខា ៦៦ នាក់ ត្រូវចំណាយពេលចំនួន ២ថ្ងៃ លើមេរៀន
-ទិដ្ឋភាពទូទៅកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនៅកម្ពុជា
-រចនាសម្ព័ន្ធ និងតួនាទីភារកិច្ចការិយាល័យ និងអង្គភាព
-មុខងារ និងធនធាន
-ការទំនាក់ទំនង និងខ្សែគណនេយ្យភាព
-របៀបរបបធ្វើការងាររបស់រដ្ឋបាលក្រុងស្រុក៕