កិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ


នៅរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបមើលោក លី សំរិទ្ធ អភិបាលរងខេត្តបានចូលរួមកិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិកការក្រសួងមហាផ្ទៃ និង ជាប្រធានសម្របសម្រួលថ្នាក់ជាតិ មានការចូលរួមពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងជានាយកគម្រោងលាភក្រសួងមហាផ្ទៃ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកតំណាងក្រុមការងារធនាគារពិភពលោក តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីអនុវត្តគម្រោងលាភគ្រប់សមាសភាគផងដែរ។

ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រាបដល់ក្រុមការងាររបស់ធនាគារពិភពលោកថា អំពីគម្រោងលាភបានអនុវត្តការងារស្របទៅតាមផែនការដែលបានគ្រោងទុក ដោយទទួលបានលទ្ធផលជាផ្លែផ្កា ហើយសមាជិករបស់គម្រោងនៅតាមមូលដ្ឋានបានខិតខំក្នុងការអនុវត្តទៅតាមការបង្ហាត់បង្រៀនរបស់មន្ត្រីជំនាញរបស់គម្រោង។ ជាមួយនឹង លទ្ធផលទាំងនេះ យើងក៏ជួបនូវផលលំបាកផងដែរ អំពីជំងឺកូវីដ១៩ដែលធ្វើឲ្យគម្រោងយើងអនុវត្តមានភាពយឺតយ៉ាវបន្តិចផងដែរ ។

ក្នុងនោះដែរលោកតំណាងធនគារពិភពលោក ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលដែលអនុវត្តកន្លងមកដោយក្រុមការងារនេះ បើពិនិត្យតាមរយៈរបាយការណ៍ ឃើញក្រុមការងារគម្រោងបានផ្តោតសំខាន់ក្នុងការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ។

នាឱកាសបិទកិច្ចប្រជុំ ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រុញដល់ក្រុមការងារ ត្រូវបន្តអនុវត្តការងាររបស់គម្រោងលាភឲ្យបានទៅតាមផែនការដែលគ្រោងទុក ព្រោះថាគម្រោងលាភនឹងបញ្ជប់នៅចុងឆ្នាំ២០២២ ។ ម្យ៉ាងវិញទៀត ក្រុមការងារទាំងអស់ត្រូវជម្រុញដល់ប្រជាពលរដ្ឋ ដែលជាសមាជិករបស់គម្រោង ត្រូវបន្តអនុវត្តការងារដែលយើងបានបណ្តុះបណ្តាលបន្តទៀត ទោះបីជាគម្រោងយើងចប់ក៏ដោយ ជៀសវាងគម្រោងលាភចប់ ប្រជាពលរដ្ឋក៏រំសាយតាមគម្រោងដែរនោះទេ ។

ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រុញដល់ក្រុមការងារទាំងអស់ត្រូវប្រតិបត្តិការណ៏ចំពោះការងារដែលបានអនុវត្តកន្លងមក យើងធ្វើយ៉ាងណាឲ្យដល់គោលដៅនៃគម្រោងរបស់យើង ដោយរក្សាផែនការនិងការអនុវត្តការងារឲ្យបានល្អប្រសើរ យើងត្រូវជម្រុញល្បឿនការងារឲ្យបានលឿនជាងមុន យើងត្រូវចុះទៅពិនិត្យមើលដល់ទីតាំងនិងគោលដៅរបស់ប្រជាពលរដ្ឋជាក់ស្តែង នឹងច្បាស់លាស់មិនអាចធ្វេសប្រហែសបានឡើយ ដែលប្រជាពលរដ្ឋក្រីក្របានជួបប្រទះនៅវិបត្តិកូវីដ.១៩ និង គ្រោះទឹកជំនន់ផង ។ ម្យ៉ាងវិញទៀត ចំពោះបញ្ហាដែលបានរកឃើញនិងលើកឡើងនេះជាឱកាសសម្រាប់ថ្ងៃក្រោយក្នុងការកែលម្អឲ្យបានល្អឡើងវិញ ព្រោះថាគម្រោងនេះជាគម្រោងមួយជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា យើងត្រូវអនុវត្តការងារគម្រោងលាភនេះឲ្យបានពី៧០% ទៅ ៨០% ហើយត្រូវគិតថាគម្រោងទាំងនេះ ក៏ជាការងារដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត ជាពិសេសគឺយើងជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីកាត់បន្ថយប្រជាពលរដ្ឋចេញពីបន្ទាត់ភាពក្រីក្រផងដែរ ។ ដូច្នេះយើងដែលជាសមាសភាគពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារគម្រោងឲ្យមានប្រសិទ្ធភាពខ្ពស់និងបានផលល្អប្រសើរទៅថ្ងៃអនាគត៕