ក្រុមប្រឹក្សាខេត្ត រៀបចំវេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅស្រុកខ្សាច់កណ្ដាល


កណ្តាល ៖ នៅថ្ងៃ៤រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស.​២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សាខេត្តកណ្ដាល បានរៀបចំវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣  នៅ​ស្រុកខ្សាច់ កណ្ដាល ក្រោម​អធិបតីភាព​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិ កក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋប្រមាណ ៤៥០នាក់។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តបាន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គម្រោងដែលក្រុមប្រឹក្សាបានអនុម័តដាក់បញ្ចូលក្នុងផែនការរួចរាល់សម្រាប់ស្រុកខ្សាច់កណ្ដាល មានចំនួន ៥គម្រោង រួមមាន៖

ទី១-សាងសង់លូរំដោះទឹកចំនួន៣ខ្សែ ប្រវែង ២.៩៩៥ម៉ែត្រ ទទឹង ០,៨ម៉ែត្រ នៅភូមិព្រែកស្វាយ និងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ។

ទី២-កែលម្អផ្លូវបេតុងអាមេប្រវែង ២២៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រក្នុងឃុំព្រែកតាមាក់។

ទី៣-សាងសង់ទ្វារទឹកទួលតាព្រុំ បណ្ដោយ ១២ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្ពស់ ៤,៥ម៉ែត្រ នៅភូមិតាំងឫស្សី ឃុំរកាជន្លឹង។

ទី៤-កែលម្អផ្លូវបេតុងអាមេប្រវែង ២៥៥ ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូកាត់ផ្លូវមួយកន្លែងទំហំ ០,៦០ម៉ែត្រ ប្រវែង ៧ម៉ែត្រ នៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ។

ទី៥-កែលម្អផ្លូវបេតុងអាមេប្រវែង ៣៥២ម៉ែត្រ ទទឹង៥ម៉ែត្រកម្រាស់ ០,១៥ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ។

សូមបញ្ជាក់ថា ក្នុងវេទិកានេះ ក៏មានសំណូមពរតាមក្រដាសមានចំនួន ២៩នាក់ ស្មើនឹង ៣៨សំណើ សំណូមពរ និងសំណើផ្ទាល់មាត់មាន០៣នាក់ ស្មើនឹង ០៦សំណើ និងសំណូមពរពាក់ព័ន្ធនឹងបញ្ហាការផ្តល់សេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង និងវិវាទផ្សេងៗ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិអភិបាលខេត្តកណ្ដាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ធ្វើការបកស្រាយ បំភ្លឺ និងទទួលយក ព្រមទាំងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ៕