អភិបាលខេត្តកំពង់ចាម ជំរុញគណៈកម្មការចំរុះថ្នាក់ខេត្ត ពន្លឿនដោះស្រាយបញ្ហាសេសសល់របស់អាជីវករផ្សារព្រែកដំបូក


(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការចំរុះថ្នាក់ខេត្ត ចុះដោះស្រាយបញ្ហារបស់អាជីវករផ្សារព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់គណៈកម្មការចំរុះថ្នាក់ខេត្ត ក្នុងគោលដៅពន្លឿន ក្នុងការចុះដោះស្រាយបញ្ហាដែលនៅសេសសល់ឲ្យបានឆាប់ចប់ ដើម្បីឲ្យពួកគាត់ឆាប់បានលក់ដូរឡើងវិញ។

បើតាមឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចម្រុះ ចុះដោះស្រាយវិវាទរបស់អាជីវករផ្សារព្រែកដំបូក បានថ្លែងឲ្យដឹងថា ជាលទ្ធផលក្រុមការងារចម្រុះថ្នាក់ខេត្ត បានសម្របសម្រួល ដោះស្រាយចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ក្រុមការងារ បានចុះដោះស្រាយមាន ចំនួន ១៣លើក ដែលមានអាជីវករសរុបចំនួន១១៥នាក់ មានតូប/គ្រែចំនួន១៣៨ ក្នុងនោះមានតូបចំនួន៩៣ ដោះស្រាយបាន ៧០ភាគរយហើយ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា កិច្ចការដែលនៅសេសសល់ និងបញ្ហាប្រឈមមួយចំនួន ឯកឧត្តមបានសុំគោលការណ៍សម្រេចដោះស្រាយពីលោកអភិបាលខេត្តរួចហើយ និងកំពុងធ្វើការដោះស្រាយបន្ត។

ក្នុងអង្គប្រជុំនោះដែរ ក្រោយពីបានស្តាប់របាយការណ៍ដោះស្រាយក្នុងជំហានទី១ និងវឌ្ឍនភាព នៃការដោះស្រាយវិវាទរបស់អាជីវករផ្សារព្រែកដំបូក ក្នុងជំហានទី២ ដែលរាយការណ៍ដោយឯកឧត្តម ហេង វណ្ណនី ប្រធានគណៈកម្មការចំរុះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ នៃការខិតខំប្រឹងប្រែងរបស់គណៈកម្មការចំរុះ ដែលបានដោះស្រាយបញ្ហា របស់អាជីវករនៅផ្សារព្រែកដំបូកក្នុងជំហានទី១ ទទួលបានលទ្ធផលល្អ និងកំពុងបន្តចុះដោះស្រាយក្នុងជំហានទី២ទៀត។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យគណៈកម្មការចម្រុះថ្នាក់ខេត្ត បន្តខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីឲ្យអាជីវករក្នុងផ្សារ ប្រកបរបរទទួលទានដូចធម្មតាវិញ៕