ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់


ភ្នំពេញ ថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០–កាលពីថ្ងៃ៤រោច ខែកត្តិក ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួន រួមមាន៖ ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់។ ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និង វឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។

នៅក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថាទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប និង​បានគូសបញ្ជាក់អំពីវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍ថា ក្រសួងបានបែងចែកក្រុមការងារបច្ចេកទេស ចុះទៅសិក្សា វាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ ដើម្បីធ្វើបញ្ជីប៉ាន់តម្លៃជាក់ស្តែង និងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើសុំថវិកាជួសជុល ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនទូទាំងប្រទេស ត្រូវអនុវត្តន៍ការងាររបស់ខ្លួនជាប្រចាំទាក់ទងនឹងការចុះបិតជង្ហុកសម្បុកមាន់ ដោយមិនត្រូវរង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់ការធ្វើដំណើរឡើយ។ ប៉ុន្តែត្រូវយកថវិកាដែលក្រសួងមានសម្រាប់ជួសជុលថែទាំ ឬត្រូវយកថវិកាបន្ទាន់ ដើម្បីសម្រួលដល់ការតភ្ជាប់ឱ្យបាននូវផ្លូវដែលត្រូវទឹកជំនន់ហូរកាត់ផ្តាច់កន្លងមក និង​បានស្នើឱ្យអង្គភាពទទួលការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់ ផ្តល់សម្ភារឱ្យបានគ្រប់គ្រាន់ ដូចជា ស្បែកជើង មួកសុវត្ថិភាព អាវ និងស្រោមដៃជូនដល់បុគ្គលិកកម្មករទាំងឡាយ ដែលបំពេញការងារជួសជុលថែទាំផ្លូវ ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូរ ស័ក្ដិសមជាបុគ្គលិក កម្មកររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ជួយផ្ដល់កិច្ចសហការល្អជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ក្នុងការផ្ដល់ទិន្នន័យក៏ដូចជាព័ត៌មានចាំបាច់មួយចំនួនសម្រាប់ការរៀបចំផែនការមេនេះឱ្យទទួលបានជោគជ័យ៕