រដ្ឋបាលខេត្តកំពង់ឆ្នាំង ជំរុញឱ្យក្រុមការងារផ្នែកវិស័យវាស់វែងដីធ្លីពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា


កំពង់ឆ្នាំង ៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នៅថ្ងៃ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយរដ្ឋបាលស្រុកទឹកផុស រៀបចំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីនេះក្រោមវត្តមានលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសូរិយោដីខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក និងប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដី ជាច្រើននាក់ទៀត។

លោក លី សុភា បានឱ្យដឹងថា ក្រោយពីរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងស្តីពីការប្រកាសតំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិតាំងក្រសាំង រួចមក មន្ទីរបានបង្កើតក្រុមការងារមន្ត្រីជំនាញបច្ចេកទេសចុះធ្វើការវាស់វែង និងបំពេញទម្រង់បែបបទចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។

លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាក សួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលលោកតែងតែគិតគូរពី សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ ។

​លោកបានមានប្រសាសន៍បន្តថា  ការបិទផ្សាយជាលក្ខណៈប្រព័ន្ធក្នុងពេលនេះមានសារៈសំខាន់ណាស់ សម្រាប់ឱ្យបងប្អូនធ្វើការផ្ទៀងផ្ទាត់នូវឈ្មោះ រូបរាងបញ្ជីក្បាលដី ហើយការបិទផ្សាយពេលនេះមានរយៈពេល១៥ថ្ងៃ ដោយមិនគិតពីថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិឡើយ ។ ដើម្បីឱ្យដំណើរការពិនិត្យទិន្នន័យកាន់តែលឿនសូមបងប្អូនយកភ្ជាប់មកជាមួយនូវឯកសារដូចជា ប័ណ្ណសម្គាល់ក្បាលដីចេញដោយក្រុមគ្រប់គ្រងនៅតំបន់វិនិច្ឆ័យ អត្តសញ្ញា ណប័ណ្ណ និងសៀវភៅគ្រួសារមកជាមួយ ប្រសិនបើការពិនិត្យទៅមានការខុសឈ្មោះ ឬរូបរាងក្បាលដី អាចមានសិទ្ធិប្តឹងតវ៉ា កែតម្រូវក្នុងរយៈពេលនៃការបិទផ្សាយរបស់ក្រុមការងារដែលនៅប្រចាំការទីនោះស្រាប់ ។

លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀតនិងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។

លោកប្រធានមន្ទីរ បានបញ្ជាក់ពីការគ្រប់គ្រងតំបន់វិនិច្ឆ័យ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស នៃការបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិតាំងក្រសាំង ដោយបានកំណត់ព្រំ និងវិនិច្ឆ័យភូមិ សរុបមានចំនួន ១.៥៣៤ ក្បាលដី ក្នុងនោះដីកសិកម្មចំនួន ១.៤២២ក្បាលដី ដីលំនៅឋានចំនួន ១០៩ក្បាលដី ក្រៅពីនោះមានទីតាំងលើកលែងដូចជា ដីទួលកប់ខ្មោច ដីទួលអ្នកតា និងដីសាលាឆទាន ជាដើម៕