អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនីពាសពេញផ្ទៃប្រទេសកម្ពុជា


ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គិសនីកម្ពុជាបានយកចិត្តទុកដាក់សាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនីពាសពេញផ្ទៃប្រទេសកម្ពុជា។ ដោយឡែកខេត្តកោះកុង អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបញ្ជូនរង និងតម្លើងត្រង់ស្វូរម៉ាទ័រ ពីទំនប់វារីអគ្គិសនីតាតៃ មកផ្គត់ផ្គង់ថាមពលស្ទើរទូទាំងខេត្តកោះកុង ដែលជាខេត្តដាច់ស្រយាលមួយនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ អគ្គិសនីកម្ពុជាបានសាងសង់បន្ថែមខ្សែកាបអគ្គិសនីកប់បាតសមុទ្រលើកទី1 មកផ្គត់ផ្គង់នៅតំបន់កោះស្តេចដែលមាន ប្រវែងប្រមាណ 3គីឡូម៉ែត្រ។
កាលពីថ្ងៃទី 28 ខែមីនា ឆ្នាំ2017 គឺជាថ្ងៃប្រវត្តិសាស្រ្តដែលអគ្គិសនីកម្ពុជាបានផ្គត់ផ្គង់ថាមពលដែលភ្ជាប់ពីបណ្តាញជាតិ(ដីគោក)ឆ្លងបាតសមុទ្រជូនប្រជាពលរដ្ឋដែលរស់នៅកោះស្តេចចំនួន 600 គ្រួសារ រោងចក្រទឹកកកចំនួន 1 អង់តែនទូរស័ព្ទចំនួន 3 និងផ្ទះសំណាក់ចំនួន 3 ជំនួសការប្រើប្រាស់អគ្គិសនីដែលផលិតថាមពលដោយម៉ាស៊ីនម៉ាស៊ូតតូចៗលក់ក្នុងតម្លៃ 2,050រៀល/គវ៉ម៉ នៅពេលដាក់ដំណើរការជំហានដំបូងនេះ អគ្គិសនីកម្ពុជានឹងសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់នៅទីនោះដើម្បីឲ្យបន្ថយថ្លៃឲ្យចុះមកត្រឹម 1,000 រៀល/គវ៉ម៉ ជាជំហ៊ានដំបូងសិន រួចនឹងពិនិត្យលទ្ធភាពអនុគ្រោះថ្លៃជាបន្តបន្ទាប់ទៀតនៅពេលឆាប់ៗនេះដែលមានតម្លៃដូចខាងក្រោម៖
-ប្រើមិនលើស 10គវ៉ម៉/ខែ ថ្លៃ480រៀល/គវ៉ម៉
-ប្រើពី 11គវ៉ម៉/ខែ ដល់ 50 គវ៉ម៉/ខែ ថ្លៃ610រៀល/គវ៉ម៉
-ប្រើលើសពី 50គវ៉ម៉/ខែ ថ្លៃ790រៀល/គវ៉ម៉
បន្ថែមពីផលប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានថ្លៃទាបជាងមុនក៏នៅមានប្រភពនៃខ្សែបណ្តាញថ្មីមានសមត្ថភាពផ្គត់ផ្គង់លើសប្រភពមុន (ម៉ាស៊ីនភ្លើង) ជាង10ដង ដែលប្រជាពលរដ្ឋអាចពង្រីកមុខរបរអាជីវកម្មប្រើប្រាស់ថាមពលដោយសេរី។