ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួបសិក្សាពីការអនុវត្តតួនាទី ភារកិច្ច និងមុខងារ ជាមួយរដ្ឋបាលស្រុកឈូក និងក្រុងកំពត


កំពត ៖ ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការអនុវត្តបំពេញតួនាទី ភារកិច្ច និងមុខងារ នៃរដ្ឋបាល ឯកភាពក្រុង ស្រុក ខណ្ឌ ឱ្យបានកាន់តែមានលក្ខណៈប្រសើរថែមទៀតនោះ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងគណៈប្រតិភូ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានជួបជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលស្រុកឈូក និងក្រុងកំពត ដើម្បីសិក្សា ស្រាវជ្រាវ ទាក់ទងការអនុវត្តតួនាទីភារកិច្ច និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកឡើងថា នៅក្នុងឆ្នាំ២០២០ នេះ គឺជាការចាប់ផ្ដើមអនុវត្តគោលការណ៍ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវការកែទម្រង់ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ  ស្ដីពីការធ្វើសមាហរណកម្មបុគ្គលិកនិងការរៀបចំតួនាទីភារកិច្ចមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធថ្មីរដ្ឋបាល ក្រុងស្រុក ខណ្ឌ សំដៅការធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅមូលដ្ឋានឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរនិងប្រកបដោយប្រសិទ្ធភាព។

ប៉ុន្តែបើទោះបីរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុកខណ្ឌ ដែលបានដាក់ឱ្យដំណើរការ អស់រយៈពេលជិតមួយឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរយ៉ាងណាក្ដី។ ប៉ុន្តែក៏នៅមាន បញ្ហាប្រឈម កើតឡើងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នីមួយៗចៀសមិនផុត។ ដូច្នេះការជួបជាមួយរដ្ឋបាលក្រុងស្រុកនាពេលនេះ គឺក្នុងគោលបំណង សិក្សាពីបញ្ហាប្រឈម និងបទពិសោធន៍ កន្លងមកទាក់ទងការអនុវត្តរចនាសម្ព័ន្ធថ្មី នៃការគ្រប់គ្រងរបស់រដ្ឋបាល ក្រុងស្រុក សំដៅធ្វើយ៉ាងណាជំរុញ ឱ្យមានចីរភាព និរន្តរភាព ក្នុងការអភិវឌ្ឍន៍មូលដ្ឋានតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋស្របតាម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ពិសេសការបំពេញតួនាទីភារកិច្ច និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចាត់ទុកបេសកកម្មការងារ របស់ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃដែលបាន ជួបជាមួយរដ្ឋបាលក្រុង ស្រុកនាពេលនេះ គឺពិតជាបានឆ្លើយតបជា មូលដ្ឋាននៃការលើក កម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់និង គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ទទួលខុសត្រូវ ភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ច មុខងារ នោះក្នុងដំណើរការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបបានចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត៕