ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលជួបសម្តែងការគួរសម ជាមួយអភិបាលរងខេត្តព្រះសីហនុ


ព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការ តំណាងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំ ណាងរាស្ត្រ ជាប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលជួបសម្តែងការ គួរសមជាមួយលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលដៅរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានគម្រោង ចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី៦០០ ទៅ៧០០នាក់ នៅហែល រីសត ស្ថិតនៅភូមិដើម ថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ខាងមុខ។

ឯកឧត្តម លេង ផាលី បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥០០នាក់ នឹងចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចន្លោះពី៦០០ ទៅ ៧០០នាក់  ដោយហេតុថា ត្រូវចូលរួមអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សា គម្លាតពីគ្នាឱ្យបានចម្ងាយ ១,៥០ម៉ែត្រ។ ឯកឧត្តមបន្តថា  ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក៏មានគម្រោងបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យ ដូចជា ហូបស្អាត ពិសាទឹកឆ្អិន   ព្រមទាំងលាងសម្អាតដៃ និងអាកុល ឬសាប៊ូឱ្យបានញឹកញាប់  ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនៅពេលចាំបាច់  ហើយនឹងមានគម្រោង ចែកអាកុល ម៉ាស់ ម៉ាស៊ីនវាស់កំដៅ សាប៊ូ និងក្រដាសរូបភាពផ្សព្វផ្សាយ អំពីការថែទាំរក្សាអនាម័យ រួមទាំងស្បៀងអាហារជាដើម។

លោកបន្តថា ក្នុងការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមានដូចជា អប់រំ សុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេក ស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាក ថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើស ឈាម ជំងឺតម្រង់នោម អេកូសាស្ត្រ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យា បាលរបួស។ល។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ដឯកឧត្តម ហ៊ុន ម៉ានី ដែលមានគម្រោងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២១ខាងមុខ៕