អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យម្ចាស់ភោជនីយដ្ឋានទាំងអស់អនុវត្តន៍វិធានសុវត្ថិភាពទេសចរឱ្យ បានល្អ ខណៈទីតាំងមណ្ឌលកម្សាន្តនានាក្នុងខេត្តសៀមរាបត្រូវបានបិទបណ្តោះអាសន្ន


សៀមរាប៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអញ្ជើញម្ចាស់មជ្ឈមណ្ឌលកម្សាន្តទាំងអស់នៅក្នុងខេត្តសៀមរាប មកណែនាំបន្ថែម អំពីការបិទជាបណ្តោះអាសន្នដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩ចូលក្នុងសហគមន៍។

 

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងថា កីវិដ-១៩នៅតែតាមយាយីនិងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅលើពិភពលោក។ នៅក្នុងព្រឹត្តិ ការណ៍ ០៣ វិច្ឆិកា បានធ្វើឱ្យប្រជាជនខ្មែរមួយចំនួនបានឆ្លងកូវីដ-១៩ ដែលត្រូវឱ្យយើងទាំងអស់គ្នាចូលរួមគ្នាទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាពិសេសគឺការរាលដាលចូលក្នុងសហគមន៍។ នៅក្នុងស្ថានភាពដ៏លំបាកនេះ អាជ្ញាធរខេត្តបានសម្រេចបន្តបិទជាបណ្តោះអាសន្នអាជីវកម្ម KTV ក្លិបកម្សាន្តខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន តាមការប្រកាសរបស់ក្រសួងសុខាភិបាល ហើយបើម្ចាស់ទីតាំងមជ្ឈមណ្ឌលកម្សាន្តមួយណាមិនគោរតាម នឹងត្រូវអនុវត្តន៍តាមច្បាប់។ ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺមិនទាន់ត្រូវបានបិទទេ តែលោកបានជំរុញឱ្យម្ចាស់ភោជនីយដ្ឋាន និងផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់ ត្រូវបន្តអនុវត្តន៍វិធានសុវត្ថិភាពទេសចរ ដែលរួមមាន៖ ការលាងសម្អាតដៃនឹងសាប៊ូ អាល់កុលជាប្រចាំ ,ការរក្សាគម្លាតសុវត្ថិភាព, ត្រូវវាស់កម្តៅរាល់អ្នកចេញ-ចូលរបស់ភ្ញៀវ បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀត។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមការងារចម្រុះដែលមានមន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល រួមជាមួយមន្រ្តីនគរបាលជាដើម គឺនឹងចុះពិនិត្យជាប្រចាំនៅតាមមជ្ឈ មណ្ឌលកម្សាន្ត ដើម្បីបានដឹងថា បានបិទហើយឬ នៅ ចំណែកនៅភោជនីយដ្ឋាន និងផ្ទះសំណាក់ សណ្ឋាគារ ក៏មន្រ្តីជំនាញតាមដានផងដែរថា តើបានអនុវត្តន៍វិធានការសុវត្ថិភាពទេសចរបានត្រឹមត្រូវ ឬអត់? ៕