រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធខួបលើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា


បាត់ដំបង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃ១១រោច ខែកត្តិក ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តមឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជា ការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញចូលរួមខួបលើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅមុខសាលាខេត្ត ដោយមានការចូលរួមពីដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ ។

ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានអានសារលិខិតទាំងស្រុង និងបានថ្លែងថា ៩វិច្ឆិកា ជាទិវាឯករាជ្យជាតិ និងជាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលជាថ្ងៃប្រវត្តិសាស្រ្ត នៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោមព្រះរាជបូនីយកិច្ច និងព្រះរាជបេសកកម្មទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ប្រជារាស្រ្តរបស់ព្រះអង្គទាំងអស់គ្នា តែងតែចងចាំ និងចារឹកជាប់ជានិច្ចក្នុងជីវិតនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅ របស់ព្រះករុណា ដែលកន្លងមកព្រះអង្គបានបូជា ព្រះកាយពល និងបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចផុតពីអាណានិគមនិយមបារាំង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្តដោយពុំអាចកាត់ថ្លៃបាន រហូតមកដល់សព្វថ្ងៃ ព្រមទាំងបានត្រួសត្រាយមាគ៌ា សន្តិភាព សាមគ្គីភាព និង វឌ្ឍនភាព សង្គមជាតិខ្មែរទាំងមូល ដែលយើងទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គបានដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះរហូតមក ទោះបីព្រះអង្គយាងចូលព្រះទិវង្គតហើយក៏ដោយ ។

ក្នុងនាមរដ្ឋបាលខេត្ត សូមជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងក្នុងការចាត់វិធានការនានាដើម្បីបង្ការទប់ស្កាត់ នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាល សំដៅថែរក្សានូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជាតិទាំងមូលរបស់យើង ៕