ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចំនួន៣០០គ្រួសារ បានទទួលអំណោយ មនុស្សធម៌ពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ


កំពង់ចាម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ក្រីក្រជួបការលំបាក​ និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង​ និង គ្រួសារអតីតយុទ្ធជនចំនួន៣០០គ្រួសារ មកពីស្រុកកំពង់សៀម ស្រុកព្រៃឈរ និងក្រុង កំពង់ចាម បានមកទទួលអំណោយមនុស្សធម៌ពី​ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុម ការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម និងលោកជំទាវ  នៅមជ្ឈមណ្ឌល សួនគ្រញូង ស្ថិតក្នុងសង្កាត់សំបួរមាស ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម  ខ្លូត ផន  ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្នុងខេត្តជាច្រើនផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ​ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម  បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋនូវក្តីនឹករលឹកដែលជានិច្ចជាកាល សម្តេចគិតគូរ ពីសុខទុក្ខ របស់ ប្រជាពលរដ្ឋ តាមរយៈក្រុមការងារ ចុះតាមមូលដ្ឋាន របស់សម្តច និងជួយដល់រងគ្រោះ គ្រប់ពេលវេលាមិនគិតពី និន្នាការនយោបាយ ឬគណបក្សណា​នោះទេ ពោលគឺឱ្យតែ ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់។

ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​​ យឹម​ ឆៃលី​  បានលើកឡើងថា ការផ្តល់ អំណោយសង្គ្រោះបន្ទាន់ទោះតិចក្តី ច្រើនក្តី តែវាអាចជួយសម្រាល ការលំបាកក្នុងជីវភាព រស់នៅបានមួយកម្រិតក្នុងកាលៈទេសៈប្រទេសជាតិយើងកំពុងទទួលរងគ្រោះដោយជំងឺរាលត្បាតកូវីដ-១៩ និងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀនោះ។

ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​​ យឹម​ ឆៃលី​   ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍គឺទាំងអស់ ត្រូវចេះថែរក្សា សុខភាព ការពារខ្លួន ការពារជីវិត ពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ ក្រីក្រជួបការលំបាក​ គ្រួសារអតីតយុទ្ធជន និងគ្រួសាររងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងទាំង៣០០គ្រួសាសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, ខោអាវ១កម្លេ និងថវិកា​៥ម៉ឺនរៀល៕