កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ពិភាក្សាផ្តោតលើផលប៉ះពាល់ដោយកូវីដ១៩ និងការកំណត់ទិសដៅស្តារសង្គម-សេដ្ឋកិច្ចក្រោយបញ្ចប់វិបត្តិ


(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមដំណើរការកិច្ចប្រជុំហើយ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតបនៃអាស៊ាន» ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃនេះ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតការពិភាក្សា ទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩, ការកំណត់ទិសដៅបន្ទាប់ក្នុងការស្តារ និងរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះត្រូវបញ្ចប់។

កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ធ្វើការផ្លាស់ប្តូរយោបល់ និងផ្តល់ជាធាតុចូលក្នុងការដោះស្រាយលើបញ្ហាសំខាន់ៗ នៅក្នុងតំបន់ និងសកល ព្រមទាំងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើចំពោះគំនិតផ្តួចផ្តើមដែលបានបង្កើតថ្មី និងដែលមានស្រាប់ ក្នុងន័យពង្រឹងស្មារតីពហុភាគីនិយម និងការរក្សាបាននូវអព្យាក្រឹត្យភាព របស់អាស៊ាន ។

នាព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧, ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីគោលជំហររបស់ប្រទេសវៀតណាម ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ន, ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩, ការស្តារ និងងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច និងបានអំពាវនាវឱ្យប្រទេសអាស៊ានទាំងអស់ ប្រកាន់ខ្ជាប់នូវការរក្សាបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន ព្រមទាំងតុល្យភាពរបស់អាស៊ាន នៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចនៅក្នុងតំបន់ ។

ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩, លោក តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានធ្វើបទបង្ហាញខ្លី ស្តីពីស្ថានភាពជំងឺកូវីដ-១៩ និងបានបញ្ជាក់ថាជំងឺកូវីដ-១៩ មិនទាន់មានភាពថមថយនៅឡើយទេ ដែលនេះទាមទារឱ្យយើងទាំងអស់គ្នា ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺនេះ ។

ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមបទអន្តរាគមន៍ដោយផ្តោតជាសំខាន់ ទៅលើការប្តេជ្ញាចិត្តដ៏មុតមាំ និងការសន្យារបស់កម្ពុជា ទៅលើចក្ខុវិស័យរួមគ្នារបស់អាស៊ាន ក្នុងទិសដៅសម្រេចឱ្យបាននូវសមាហរណកម្មរួម ប្រកបដោយភាពរឹងមាំ និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការ, សាមគ្គីភាព និងប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងយន្តការពហុភាគីនិយម ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧នេះ ក៏បានអនុម័តដាក់ឱ្យដំណើរការ នូវរបាយការណ៍ ស្តីពីការត្រួតពិនិត្យវាយតម្លៃឡើងវិញពាក់កណ្តាលអាណត្តិ លើផែនការលម្អិតនៃសហគមន៍អាស៊ានឆ្នាំ ២០២៥ ក្របខណ្ឌស្តារឡើងវិញគ្រប់ជុ្រងជ្រោយរបស់អាស៊ាន និងស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ាន។

កិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានចាប់ផ្តើមពីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នឹងបន្តកិច្ចពិភាក្សារហូតដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០៕