ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញ លើកទី១៨ អាណត្តិទី៣


កណ្តាល ៖នៅថ្ងៃ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្ត លើកទី១៨ អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានស្នើឱ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមរៀuបចំសន្តិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អទាំងក្នុងពេលប្រឡង និងក្រោយប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីតាំងមណ្ឌលប្រឡង និងកន្លែងស្នាក់នៅរបស់បេក្ខជនប្រឡងឱ្យបានសមស្រប ធ្វើយ៉ាងណាឱ្យការប្រឡងនេះប្រព្រឹត្តដោយជោគជ័យ សុវត្ថិភាព និងទទួលបានលទ្ធផលល្អ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជំរុញបន្ថែមដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវខិតខំពង្រឹងលើការងារបំប៉នបន្ថែមដល់សិស្សានុសិស្សដែលត្រូវប្រឡងថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំនេះ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡងជាប់ឱ្យបានភាគរយខ្ពស់ តាមគ្រប់មធ្យោបាយនៅតាមគ្រឹះស្ថានអប់រំ សាលានានា និងតាមប្រព័ន្ធអនឡាញជាដើម ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលបានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ពាក់ព័ន្ធនឹងការជួសជុល និងស្ដារឡើងវិញចំពោះផ្លូវដែលខូចខាតដោយគ្រោះជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តបានរៀបចំជាឯកសាររួចរាល់ហើយ ដាក់ទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយធ្វើការដោះស្រាយ និងអន្តរាគមន៍៕