ឯកអគ្គរដ្ឋទូតអង់គ្លេស កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីTina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេស ប្រចាំកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកស្រី Tina Redshaw ដែលទើបទទួលបានភារកិច្ចបំពេញ បេសកកម្មការទូតនៅកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែជួយឧបត្ថម្ភ គាំទ្រចូលរួមចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជា បន្តបន្ទាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេសការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជាឱ្យទៅសិក្សានៅចក្រភពអង់គ្លេស ជាដើម ។

លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមសម្តែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោកជំទាវឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកជំទាវនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ។

បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វភាគី ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរ ទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគិន ទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ កិច្ចខិតខំរបស់លោកស្រីឯកអគ្គរដ្ឋទូត និងបានសង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត, រំខានដល់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាព រស់នៅ, រាជរដ្ឋាភិបាលកម្ពុជា ខិតខំ និងត្រៀមលក្ខណៈ ក្នុងការផ្តល់កិច្ចសហការគំាទ្រ បន្តពង្រីកកិច្ច សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលកិច្ច សហប្រតិបត្តិការល្អប្រសើរ ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជន ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏សូមជូនពរលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេស ព្រមទាំងសហការីទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច៕